លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់សារជាថ្មីថា អង្គការសុខភាពពិភពលោក ពុំទាន់ទទួលស្គាល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ណាមួយជាផ្លូវការនៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ — 

ដោយសង្កេតឃើញមានការផ្សព្វផ្សាយយ៉ាងច្រើនអំពីការផលិត ការសាកល្បងដោយជោគជ័យ អំពីវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពីបណ្តាប្រទេសមួយចំនួន ហើយដែលកត្តានេះអាចធ្វើឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា មានការយល់ច្រលំ ហើយអាចធ្វេសប្រហែសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកយកព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ថា មិនទាន់មានវ៉ាក់សាំងការពារវីរុសកូវីដ-១៩ ណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ រហូតមកទល់ថ្ងៃនេះ។

ឆ្លើយតបទៅនឹងសំណួរអ្នកយកព័ត៌មាន AKP លោកជំទាវវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ៖ “ខ្ញុំសូមបញ្ជាក់ជូនជាថ្មី រហូតមកទល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ អង្គការសុខភាពពិភពលោក ពុំទាន់បានទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅឡើយទេ”។

លោកជំទាវបានបន្ថែមថា ប៉ុន្តែខណៈប្រទេសកម្ពុជាគឺជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ  (GAVI) ក្រសួងសុខាភិបាល បាន និងកំពុងធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក ក៏ដូចជាប្រទេសនានាដទៃទៀត ក្នុងការគិតគូរស្នើសុំឱ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាផងដែរ ដែលហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានបន្តអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់ស្មារតីប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងវីរុសកូវីដ-១៩ តាមរយៈវិធានការសាមញ្ញៗទាំង០៣ គឺអនាម័យដៃ-ខ្លួនប្រាណស្អាត ពាក់ម៉ាសនៅទីកន្លែងចាំបាច់ និងរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១,៥ម៉ែត្រពីគ្នា។  

គិតត្រឹមព្រឹកថ្ងៃនេះផងដែរ កម្ពុជាមានករណីឆ្លងសរុបទូទាំងប្រទេសគិតចាប់ពីថ្ងៃរកឃើញដំបូងនៅខែមករា គឺមានចំនួន ២៧៨នាក់ ព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ០៣នាក់ ខណៈករណីវិជ្ជមានទាំងអស់ ភាគច្រើនជាករណីនាំចូលពីក្រៅប្រទេស៕

ដោយ ផែន រតនៈ