ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងនិយមបរិភោគបន្លែធម្មជាតិជាងបន្លែនាំចូល

វិទ្យុជាតិកម្ពុជា ៖​ គឺមហឿន ស្ទឹងត្រែង០១ ១០ ២០២០


CM៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងនិយមបរិភោគបន្លែធម្មជាតិជាងបន្លែនាំចូល
ដោយសារតែមានរសជាតិឆ្ងាញ់ និងធានាបានសុវត្ថិភាព។
លោកស្រីសាំងកែវ កសិករនៅភូមិអន្លង់ស្វាយ ឃុំអូរៃ ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា បន្លែដែលពួកគាត់នាំយកមកពីស្រែចម្ការ គឺអ្នកបរិភោគ បាននិយមទិញអស់ៗជាងរៀងរាល់ថ្ងៃ ដោយសារតែ អតិថិជនយល់ថាជាបន្លែមានជីវជាតិល្អ និងគ្មានសារធាតុគីមី។ បន្លែធម្មជាតិនេះមានដូចជា៖ស្លឹកស្នឹង ស្លឹកត្រម៉ូង ស្លឹកបាស ត្រួយល្ពៅ ត្រួយម្ទេស ត្រួយកន្ទួត ត្រយោងចេក ផ្លែក្រសាំង បណ្តូលដើមចេក ផ្កាព្រលិត ផ្កាកំប្លោក ត្រួយអំពិលត្រួយស្តៅត្រួយរាំងត្រកួនបឹងត្រប់ស្រួយ ច្រទល់ភ្នំ ស្លាបច្រវ៉ា-និងក្រអៅឈូកជាដើម។
លោកស្រីខាំផឿបានទទួលស្គាល់ថា៖អតិថិជនពិតជានិយមទិញបន្លែទាំងនេះមែន ព្រោះវាគ្មានសារធាតុគីមី ខណៈបន្លែទំាងនោះដុះដោយធម្មជាតិពិតៗនៅតាមព្រៃភ្នំ និងបឹងបួរ។
លោកស្រីស្នើឱ្យគណៈកម្មការផ្សារ ជួយរៀបចំកន្លែងលក់ដូរជូនកសិករឱ្យបានត្រឹមត្រូវផង កុំឱ្យមានការលក់រាយប៉ាយគ្មានកន្លែងកំណត់បែបនេះធ្វើឱ្យកសិករយើងបាត់បង់ប្រាក់ចំណូល ដែលពួកគាត់រកបានមួយថ្ងៃសម្រាប់មួយថ្ងៃ។
លោកស្រីមាសស៊ីមអ្នកលក់បន្លែនេះដែរបានបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងភាគច្រើនឈប់ធ្វើចំណាកស្រុកទៅលក់កំលាំងពលកម្ម ហើយ នាំគ្នា ងាកដាំបន្លែសរីរាង្គ លក់ជំនួសវិញជាជាងទុកដីឱ្យនៅទំនេរ ។ លោកស្រីថាការឧស្សាហ៍ព្យាយាមរបស់ កសិករពិតជាបានរួមចំណែក ជួយកាត់បន្ថយបានមួយភាគធំ ដែលគាត់តែង នាំគ្នាពឹងផ្អៃកទៅលើតែផលអនុផលព្រៃឈើ ធ្វើនេសាទការបបាញ់សត្វដែលធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិផងដែរ។
សូមបញ្ជាក់ថា នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែគណកម្មការផ្សារមិនទាន់រៀបចំឱ្យមានកន្លែងលក់បន្លែជូនបងប្អូនកសិករមកពីទីជនបទបាននៅឡើយទេ បច្ចុប្បន្នលក់នៅតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចដេញឱ្យរើចុះឡើង ព្រោះតែប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ៕