សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាននឹងអាចប្រើបណ្ណសមាជិកទទួលបានការបញ្ចុះតម្លៃទំនិញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ៖ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាននឹងអាចប្រើបណ្ណសមាជិកទទួលបានការបញ្ចុះតម្លៃទំ និញ ដើម្បីកាត់បន្ថយបាននូវការចំណាយ ច្រើន។

ក្នុងឱកាសដឹកនាំ សមាជិក សមាជិកា ចូលរួមចុះឈ្មោះទទួលបានការប្រើប្រាស់ប្រព័ន្ធសមាជិកភាព និង កម្មវិធី App ស.ស.យ.ក នាព្រឹកថ្ងៃទី២ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន បានមានប្រសាសន៍ឱ្យដឹងថា ការបង្កើតកម្មវិធី “App”ស.ស.យ. ក.នេះឡើង គឺជាការចូលរួមចំណែក ដ៏សំខាន់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងធនធានមនុស្ស ដែលមានជំនាញមធ្យម និងកម្រិតខ្ពស់ ហើយមានសមត្ថភាពនៅក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីទាញយកផលប្រយោជន៍ ពីកាលានុវត្តភាពនានា ក្នុងបរិបទដិវត្តឧស្សាហកម្ម៤.០។ 

លោក តូច ណារ័ត្ន អគ្គនាយករងវិទ្យុជាតិកម្ពុជាបានឱ្យដឹងដែរថា បណ្ណសមាជិក ភាព ស.ស.យ.ក ដែលបានដាក់ឱ្យដំណើរការនេះ គឺជាបណ្ណសមាជិកភាពដំបូងគេ ដែលមានទម្រង់ជាបណ្ណសម្គាល់ខ្លួន និងជាបណ្ណដែលអាចបម្រើឱ្យការទូទាត់ការចំណាយនានាផងដែរ។ លើសពីមុខងារជាបណ្ណផ្លូវការសម្រាប់សម្គាល់នូវអត្តសញ្ញាណរបស់សមាជិក សមាជិកាផ្ទាល់ បណ្ណនេះត្រូវបានរចនាឡើងជាទម្រង់ Pre-Paid UNIONPAY Cad ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចប្រតិបត្តិការសម្រាប់ការទិញទំនិញនានា នៅបណ្តាហាងទំនិញ ភោជនីយ ដ្ឋាន ដែលជាដៃគូសហការជាមួយនឹងការបញ្ចុះតម្លៃតាមលក្ខខណ្ឌដែលបានកំណត់។ 

សូមបញ្ជាក់ថា តាមរយៈកម្មវិធី App ស.ស.យ.ក. នេះផងដែរ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចពិនិត្យរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់គណនី UYFC Pre-Paid UNIONPAY Card របស់ខ្លួន។ លើសពីនេះទៅទៀត តាមរយៈកម្មវិធី App នេះដែរ នឹងអនុញ្ញាតឱ្យមហាជន ជាពិសេសយុវជនដែលមានបំណងចូលរួមជាសមាជិក ស.ស.យ.ក អាចចុះឈ្មោះបានតាមទម្រង់ជាប្រព័ន្ធអនឡាញ ដែលនេះជាយន្តការថ្មីមួយសម្រាប់ ស.ស.យ.ក ក្នុងការរៀបចំពន្លឿនការធ្វើបច្ចុប្បន្នភាព និងសម្រួលការចុះឈ្មោះសមាជិកថ្មី៕