ទាហានស៊ីរី ៣០០នាក់ត្រូវបានបញ្ជូនទៅទីក្រុងបាគូតាមរយៈប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០​ — នៅមុននេះ រដ្ឋាភិបាលតួកគីបានច្រានចោលការចោទប្រកាន់របស់ទាហានស៊ីឈ្នួលពីប្រទេសស៊ីរីដែលកំពុងមានវត្តមាននៅក្នុងតំបន់ការ៉ាបាកហ៍ ដែលជាកន្លែងដែលកងកម្លាំងអាមេនី និងអាស៊ែបៃហ្សង់បានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកនេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅក្នុងថ្ងៃសុក្រនេះថា ក្រុមសកម្មប្រយុទ្ធស៊ីរីចំនួន ៣០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាគូតាមរយៈទីក្រុង Gaziantep របស់ប្រទេសតួកគី ដើម្បីសកម្មភាពប្រយុទ្ធនៅទីក្រុងការ៉ាបាកហ៍។

លោក Macron បាននិយាយថា «ខ្ញុំអាចបញ្ជាក់បានថា យោងតាមទិន្នន័យរបស់យើង ក្រុមសកម្មប្រយុទ្ធ ៣០០នាក់បានចាកចេញពីប្រទេសស៊ីរីទៅដល់ទីក្រុងបាគូតាមរយៈទីក្រុង Gaziantep។ ក្រុមសកម្មប្រយុទ្ធទាំងនេះត្រូវបានគេកំណត់អត្តសញ្ញាណហើយ ពួកគេ គឺជាសមាជិកនៃក្រុមជីហាដនិយម ដែលកំពុងប្រតិបត្តិការនៅក្បែរទីក្រុង Aleppo»។

របាយការណ៍របស់ទាហានស៊ីឈ្នួលពីប្រទេសស៊ីរី  ដែលត្រូវបានជ្រើសរើសដើម្បីប្រយុទ្ធនៅតំបន់     ការ៉ាបាកហ៍បានលេចចេញនៅពេលមុននេះ ប៉ុន្តែមិនត្រូវបានផ្តល់ភ័ស្តុតាងជាក់លាក់ណាមួយឡើយ។ ទូរទស្សន៍ CNN បានរាយការណ៍អំពីពួកសកម្មប្រយុទ្ធស៊ីរីនៅក្នុងតំបន់នោះនៅព្រឹកថ្ងៃនេះ ដោយដកស្រង់សំដីជនជាតិស៊ីរីម្នាក់ដែលបានចោទប្រកាន់ថា បានចុះឈ្មោះសម្រាប់ការដាក់ពង្រាយ។

ស្ថានភាពបានកើនឡើងនៅតំបន់ការ៉ាបាកហ៍កាលពីថ្ងៃអាទិត្យ ដោយភាគីទាំងពីរនៃជម្លោះបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កការញុះញង់។ ច្បាប់អាជ្ញាសឹក និងការកេណ្ឌប្រមូលទ័ពត្រូវបានប្រកាសនៅក្នុងប្រទេសអាមេនី។ ប្រទេសអាស៊ែបៃហ្សង់បានប្រកាសច្បាប់អាជ្ញាសឹកដោយផ្នែក និងការកេណ្ឌទ័ពនៅផ្នែកខ្លះ នឹងបានបិទអាកាសយានដ្ឋានរបស់ខ្លួនសម្រាប់ចរាចរណ៍ផ្លូវអាកាសអន្តរជាតិទាំងអស់លើកលែងតែតួកគី៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)