ទូតរុស្សីវាយតម្លៃខ្ពស់ការអភិវឌ្ឍនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

ភ្នំពេញ៖ទូតរុស្សីវាយតម្លៃខ្ពស់ពីការអភិវឌ្ឍនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរអន្តរជាតិដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អផូរផង់ និងភាពទន់ភ្លន់តាមរយៈការស្វាគមន៍របស់ប្រជាជនកម្ពុជា។

ឯកឧត្តម ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថារដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៨៤ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន ពិសេសនៅក្នុងទីក្រុងភ្នំពេញមានអគារដ៏ប្រណិត និងស៊ីវិល័យជាច្រើនកំពុងលេចរូបរាងឡើងជាបន្ដបន្ទាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា  នាព្រឹកថ្ងៃទី២ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ណី សំអុលបានលើកឡើងបន្តថា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្ថែមថាអ្វីដែលកាន់តែពិសេសដែលធ្វើឱ្យឯកឧត្តម មិនអាចភ្លេចបាននោះគឺភាពរួសរាយ រាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជាចំពោះការស្វាគមន៍ជនបរទេស និងភ្ញៀវទេសចរដែលមកពីបណ្តាប្រទេសនានានៅលើពិភពលោក ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្សីដែលកន្លងមក បានផ្តល់នូវបរិក្ខាពេទ្យដល់កម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានអបអរសាទរចំពោះរដ្ឋាភិបាលរុស្សីដែលបានរកឃើញ
វ៉ាក់សាំងការពារជំងឺកូវីត១៩ ប្រកបដោយប្រសិទ្ធភាព៕