អាជ្ញាធរជាតិអប្សរាពន្លឿនការជួសជុលសួនច្បារខាងមុខប្រាសាទអង្គរវត្តឱ្យរួចរាល់នៅចុងឆ្នាំនេះ

វិទ្យុជាតិកម្ពុជា លោកអេង យូ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាពន្លឿនការងារជួសជុលសួនច្បារខាងមុខប្រាសាទអង្គរវត្តឱ្យរួចរាល់នៅចុងឆ្នាំនេះដើម្បីលើកកម្ពស់សោភ័ណភាព ទេសភាពបៃតងទាំងរដូវប្រាំងនិងរដូវវស្សាដើម្បីជាការទាក់ទាញភ្ញៀវទេសចរ។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាឱ្យដឹងថា ការរៀបចំសួនច្បារ និងដាំដើមឈើ នៅមុខបរិវេណប្រាសាទអង្គរវត្ត រហូតមកដល់ពេលនេះដំណើរការបាន

ប្រមាណជាង៧០ភាគរយហើយ ក្នុងករណីមិនមានឧបសគ្គណាមួយរាំងស្ទះ រំពឹងថានឹងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២០ខាងមុខ។

គម្រោងជួសជុលសួនច្បារ នៅមុខបរិវេណប្រាសាទអង្គរវត្តនេះចាប់ផ្តើមឡើងកាលពីដើមឆ្នាំ២០២០ ហើយរំពឹងថា នឹងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២០ខាងមុខនេះ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា មិនត្រឹមតែមានគម្រោងជួសជុលសួនច្បារប៉ុណ្ណោះទេ គឺនៅមានគម្រោងជាច្រើនទៀត ដែលបានអនុវត្តមាន

ដូចជា ការងារជួសជុលផ្លូវថ្នល់ក្នុងបរិវេណឧទ្យានអង្គរ កិច្ចការងារអភិរក្សប្រាង្គប្រាសាទ និងការស្តារគម្របព្រៃឈើឡើងវិញជាដើម៕