សម្ព័ន្ធមិត្តអាស៊ាន – ប៉ាស៊ីហ្វិកពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ចំពេលដែលមានជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០​ — គណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) និងសម្ព័ន្ធមិត្តប៉ាស៊ីហ្វិក (PA) ដែលជាគំនិតផ្តួចផ្តើមសមាហរណកម្មតំបន់ រួមមានប្រទេសឈីលី កូឡុំប៊ី ម៉ិកស៊ិកូ និងប៉េរូ បានជួបពិភាក្សាគ្នាតាមរយៈសន្និសីទវីដេអូដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅលើបញ្ហាជាច្រើនដែលរួមមាន កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការខិតខំដោះស្រាយផលប៉ះពាល់អវិជ្ជមានរបស់វាមកលើសេដ្ឋកិច្ចពិភពលោកផងដែរ។

ភាគីអាស៊ានបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះនៅក្នុងតំបន់ និងវិធានការណ៍នានាដែលកំពុងដំណើរការ និងស្ថិតក្រោមការពិគ្រោះយោបល់ទាក់ទងនឹងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាត។ កិច្ចពិភាក្សានេះក៏បានសង្ខេបអំពី PA ស្តីពីការអភិវឌ្ឍនៃការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំជាប្រធានរបស់ប្រទេសវៀតណាមនៅក្នុងឆ្នាំនេះដែរ។

ភាគី PA បាននិយាយថា ចាប់តាំងពីខែមីនាមក ខ្លួនបាននឹងកំពុងធ្វើការលើផែនការសកម្មភាពនៃជំងឺកូវីដ-១៩ ដែលប្រឈមមុខនឹងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយសារការរាតត្បាតនៅទូទាំងពិភពលោកនេះ។ ផែនការនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរព័ត៌មាន ស្តីពីវិធានការណ៍ទាំងអស់ដែលត្រូវបានអនុវត្តប្រឆាំងនឹងការរាតត្បាតនេះ កិច្ចសម្របសម្រួលពាណិជ្ជកម្មតាមរយៈការទទួលយកវិញ្ញាបន     ប័ត្រឌីជីថលដែលជាតម្រូវការសម្រាប់ពាណិជ្ជកម្ម បញ្ជីនៃផលិតផលសំខាន់ៗក្នុងពេលដែលកំពុងមានជំងឺរាតត្បាតសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ PA និងការគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅក្នុងបញ្ហាបែបនេះ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។

កិច្ចពិភាក្សានេះបានកត់សម្គាល់អំពីការវិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និង PA ដែលរួមមាន លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ភាគីទាំងពីរបានទទួលស្គាល់អំពីអត្ថប្រយោជន៍នៃការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នឹងបានឯកភាពគ្នាស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈការអភិវឌ្ឍផែនការការងារអាស៊ាន – PA (ឆ្នាំ ២០២១-២០២៣) ថ្មី ដើម្បីរួមបញ្ចូលវិស័យនានា ដូចជាបដិវត្តឧស្សាហកម្មលើកទី៤ ពាណិជ្ជកម្ម និងការវិនិយោគ ការទំនាក់ទំនង មីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)