ធនាគារពិភពលោកផ្តល់ប្រាក់កម្ចី ៦០០លានដុល្លារអាមេរិក សម្រាប់ប្រជាជនក្រីក្រនៅក្នុងប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០​ — ធនាគារពិភពលោក(WB)កាលពីថ្ងៃទី៣០ ខែកញ្ញា បាននិយាយថា ខ្លួនបានយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានទឹកប្រាក់ ៦០០លានដុល្លារអាមេរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការទ្រទ្រង់ដល់កិច្ចគាំពារសង្គមសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះបំផុត ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ប្រាក់កម្ចីនេះនឹងបន្តការគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីន ដើម្បីអនុវត្តកម្មវិធី Pantawid Pamilyang Pilipino Program (4Ps) ដែលជាផែនការរបស់រដ្ឋាភិបាលជាតិ ក្នុងការផ្តល់ជំនួយជាសាច់ប្រាក់តាមលក្ខ ខណ្ឌដល់គ្រួសារក្រីក្របំផុត។

លោក Ndiamé Diop នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំនៅប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ណាស់ដើម្បីធានាថា កុមារនៃគ្រួសារក្រីក្រអាចបន្តការសិក្សា និងមានសុខភាពល្អ ខណៈដែលប្រទេសនេះចាត់វិធានការដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ។ នៅក្នុងគ្រាដ៏លំបាកនេះ ការផ្ទេរសាច់ប្រាក់ទៅឱ្យអ្នកក្រីក្រ និងជនងាយរងគ្រោះ ជាការគាំទ្រដោយប្រយោលដល់សេដ្ឋកិច្ចក្នុងស្រុក និងជំរុញនូវការរំពឹងទុកសម្រាប់ការស្តារឡើងវិញ។

គម្រោងនេះនឹងគាំទ្រដល់ការប្រើប្រាស់របស់រដ្ឋាភិបាលហ្វីលីពីនទៅលើបច្ចេកវិទ្យានិងវេទិកាឌីជីថល ទំនើបៗ អភិវឌ្ឍដំណើរការ និងប្រព័ន្ធដែលមានប្រសិទ្ធភាពជាងមុន ព្រមទាំងលើកកម្ពស់យន្តការនានាក្នុងការកំណត់គោលដៅ។

ដោយត្រូវបានអនុវត្តនៅក្នុងទីក្រុងចំនួន ១៤៥ និងតំបន់ចំនួន ១.៤៨៣ នៃប្រទេសហ្វីលីពីន កម្មវិធី 4Ps នេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ៤លានគ្រួសារ ឬប្រមាណ ២០ភាគរយនៃប្រជាជនសរុបរបស់ប្រទេសនេះ ដោយក្នុងនោះមានកុមារចំនួន ៨,៧លាននាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)