ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារនៅខេត្តស្វាយរៀងមានទីផ្សារល្អនិងលើកកម្ពស់ជីវភាពកសិករ

វិទ្យុជាតិកម្ពុជា៖ ស្រីផល

ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងបាន
បញ្ជាក់ថា ការចិញ្ចឹមមាន់របស់ប្រជាកសិករនៅក្នុងខេត្តនេះ កំពុងមានទីផ្សារល្អបានជួយកែប្រែជីវភាពពួកគាត់ កាន់តែប្រសើរឡើងបានមួយកម្រិត។

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ការចិញ្ចឹមមាន់របស់ប្រជាកសិករនៅក្នុងខេត្តជាលក្ខណៈគ្រួសារ ដោយ ក្នុងមួយគ្រួសារៗចិញ្ចឹមចាប់ពី៥០ទៅ១០០ក្បាល ហើយពួកគាត់អាចលក់ចេញក្នុងតម្លៃ១៨០០០រៀលទៅ២០០០០រៀល ក្នុង១គីឡូក្រាមសម្រាប់មាន់រស់។

លោកបានបន្ថែមថា មន្ទីរក៏បានផ្តល់បច្ចេកទេសថ្មីៗបន្ថែម ក្នុងការចិញ្ចឹមមាន់ឱ្យទទួលបានលទ្ធផលល្អប្រសើរជាងមុន ព្រមទាំងបានជំរុញដល់ សមាជិកសហគមន៍កសិកម្មនិងគ្រួសារកសិករផ្សេងៗទៀត ឱ្យងាកមកធ្វើការភ្ញាស់កូនមាន់លក់ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ។

លោកបានមើលឃើញថា ក្រោយពីចិញ្ចឹមមាន់ ធ្វើឱ្យជីវភាពកសិករធូរធារបន្ថែមលើការងារធ្វើស្រែចម្ការ  ដោយបានឱ្យកូនគាត់ទៅរៀនរហូតដល់ថ្នាក់សកលវិទ្យាល័យថែមទៀត។

ជាមួយគ្នានោះលោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ខិតខំចិញ្ចឹមមាន់បន្ថែមទៀត ហើយខាងមន្ទីរនិងមន្ត្រីពាក់ព័ន្ធ នឹងរង់ចាំជួយផ្នែកបច្ចេកទេស និងផ្តល់បទពិសោធន៍លើការងារនេះគ្រប់ពេល
វេលា ។