កូនត្រីជាង៥ម៉ឺនក្បាលត្រូវបានរដ្ឋបាលជលផលលែងក្នុងអាងស្ថានីយខាងលើទំនប់វារីអគិ្គសនីសេសានក្រោម២

វិទ្យុជាតិកម្ពុជា គឹមហឿន ស្ទឹងត្រែង

MC.  កូនត្រីជាង៥ម៉ឺនក្បាលត្រូវបានរដ្ឋបាលជលផលលែងក្នុងអាងស្ថានីយខាងលើទំនប់វារីអគិ្គសនីសេសានក្រោម២ដើម្បីបង្កើនធនធានមច្ឆជាតិឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការប្រជាពលរដ្ឋ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងបានធ្វើសេចក្តីរាយការណ៍ដឹងថា កូនត្រីដែលបានលែងជាង ៥ម៉ឺនក្បាលនេះ មាន៣ប្រភេទក្នុងនោះមានកូនត្រីខ្យា  ត្រីប្រានិងកូនត្រីឆ្ពិន ដែលជាប្រភេទត្រីធន់នឹងរបបទឹក ហើយអាចធំធាត់បានល្អ។

ក្នុងសកម្មភាពលែងកូនត្រីពូជ  នៅអាងទំនប់វារីអគ្គិសនីក្នុងស្រុកសេសានខេត្តស្ទឹងត្រែងនាថ្ងៃទី០២តុលាឆ្នាំ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលមានប្រសាសន៍ថា ការលែងកូនត្រីនេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបង្កើន ការចូលរួមថែរក្សាធនធានមច្ឆជាតិផង។

លោកទំនីរ៉ូនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានទទួលស្គាល់ថា នេះជាយន្តការមួយថ្មីបន្ថែមទៀតព្រោះ កន្លងមកយើងបានសហការ ល្បាត,អភិរក្ស ជាញឹកញាប់ហើយ។     លោកស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាបង្កើនការងារគ្រប់គ្រងថែរក្សាការពារអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលកុំឱ្យមានអ្នកមកពីខាងក្រៅធ្វើនេសាទខុសច្បាប់នៅតំបន់នេះ។  

លោកទួនថាំងមេឃុំភ្លុកបានប្តេជ្ញាចូលរួមដឹកនាំប្រជាសហគមន៍និងប្រជាការពារបង្កើនការចុះល្បាតឱ្យបានសកម្ម ដើម្បីថែរក្សាត្រីដែលបានលែងនេះផង  និងបង្ក្រាបបទល្មើស ដែលកើតមាននៅតំបន់នេះផង។

សូមបញ្ជាក់ថាតំបន់អាងអភិរក្សខាងលើទំបន់វារីអគ្គិសនីសេសានក្រោមពីរនេះមានផ្ទៃ ទឹកទំហំ៦.១៤៣ហិកតាត្រូវបានទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩។ កន្លែងនេះត្រូវហាមឃាត់មិនឱ្យចូលធ្វើនេសាទឡើយ ដើម្បីការពារធនធានមច្ឆជាតិ សម្រាប់បម្រើសេចក្តីត្រូវការហូបចុករបស់ប្រជាសហគមន៍៕