ករណីជំងឺកូវីដ-១៩ មានការកើនឡើងនៅក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃទី១ ខែតុលា ប្រទេសម៉ាឡេស៊ីបានប្រកាសករណីឆ្លងជំងឺកូវីដ-១០ ចំនួន ២៦០ករណី ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសនេះចាប់តាំងពីថ្ងៃទី៤ ខែមិថុនាមក ដោយបង្កើនចំនួនសរុបនៅក្នុងប្រទេសនេះដល់ ១១.៤៨៤ករណី។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ីពេលនេះមានចំនួន ១៣៦នាក់។

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅក្នុងប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺ កូវីដ-១៩ ចំនួន ២.៤១៥ករណីបន្ថែម និងអ្នកស្លាប់ថ្មីចំនួន ៥៩នាក់ ដែលធ្វើឱ្យចំនួនសរុបមានដល់ ៣១៤.០៧៩ករណី និងមានអ្នកស្លាប់សរុបដល់ទៅ ៥.៥៦២នាក់។

ក្រសួងសុខាភិបាលរបស់ប្រទេសនេះបាននិយាយថា រហូតមកដល់ពេលនេះ មានមនុស្សជាង ៣,៥២លាននាក់ក្នុងចំណោមប្រជាជនចំនួន ១០៩លាននាក់ត្រូវបានធ្វើតេស្តរកមេរោគ SARS-CoV-2 ។

នៅថ្ងៃដដែលនេះ ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៤.១៧៤ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ចំនួន ១១៦នាក់ ។ ករណីអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះមានចំនួន ២៩១.១៨២នាក់ ហើយអ្នកស្លាប់សរុបមានចំនួន ១០.៨៥៦នាក់។

កាលពីថ្ងៃទី១ ខែតុលា ប្រទេសឡាវបានបន្ធូរបន្ថយការរឹតត្បិតមួយចំនួនក្នុងគោលបំណងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ខណៈដែលនៅតែរក្សាការហាមឃាត់ការចូល និងចេញតាមរយៈច្រកព្រំដែន លើកលែងតែអ្នកការទូត បុគ្គលិកនៃអង្គការអន្តរជាតិ អ្នកជំនាញការបរទេស វិនិយោគិន និងអ្នកជំនួញតែប៉ុណ្ណោះ។

រដ្ឋាភិបាលឡាវបានយល់ព្រមជាគោលការណ៍ក្នុងការអនុញ្ញាតិឱ្យក្រុមភ្ញៀវទេសចរមកពីប្រទេសនានារួចផុតពីការឆ្លងនៅក្នុងសហគមនៃជំងឺកូវីដ-១៩ ហើយអនុញ្ញាតឱ្យបន្តកិច្ចពិភាក្សាជាមួយវៀតណាម និងចិន ស្តីពីការបើក «ច្រកបៃតង» ។

បច្ចុប្បន្ននេះ ពលរដ្ឋឡាវនៅតាមបណ្តាប្រទេសមួយចំនួនដែលគ្មានការឆ្លងនៅតាមសហគមន៍នៃជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ប្រទេសឡាវវិញ។ បន្ទាប់ពីទៅដល់ប្រទេសឡាវ ពួកគេត្រូវធ្វើតេស្តរកវីរុសនេះ ហើយត្រូវរង់ចាំលទ្ធផលតេស្តរយៈពេល ៤៨ម៉ោង។ ប្រសិនបើលទ្ធផលតេស្តមានលក្ខណៈអវិជ្ជមាន ពួកគេអាចឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានៅតាមការិយាល័យ ឬកន្លែង ស្នាក់នៅរបស់ពួកគេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)