រដ្ឋបាលស្រុកបន្ទាយស្រីបង្កើតយុទ្ធនាការ ប្រមូលសំរាមពីប្រជាពលរដ្ឋមិនគិតថ្លៃ

វិទ្យុជាតិកម្ពុជា ៖លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប


រដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតយុទ្ធនាការប្រមូលសំរាមពីប្រជាពលរដ្ឋនៅ
ទូទំាងស្រុកដោយមិនគិតថ្លៃសេវា ដើម្បីបរិស្ថានស្អាត កាត់បន្ថយផលប៉ះពាល់។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយ
ស្រី បានប្រាប់វិទ្យុជាតិកម្ពុជាថា រដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយក្រសួងបរិស្ថាន បង្កើតឡដុតសំរាមរួមមួយ ស្ថិតនៅក្នុងឃុំរំចេកនៃស្រុកបន្ទាយស្រី ដោយប្រជាពលរដ្ឋអាចជញ្ជូនសំរាមប្រចាំថ្ងៃ ទៅដាក់ដោយខ្លួនឯងនៅកន្លែងរក្សាទុក
សំរាម បណ្តោះអាសន្ននៅតាមភូមិរបស់ខ្លួននីមួយៗ ហើយតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវដើម្បីបង្កលក្ខណៈ
ដល់ក្រុមការងាររបស់ឃុំនិងស្រុកធ្វើការ
ប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
លោកបន្តថា ការបង្កើតឱ្យមានទីតាំងដុតសំរាមសាធារណៈបែបនេះ នឹងកាត់បន្ថយ សកម្មភាពបោះចោលសំរាមពាសវាលពាសកាល ឬការដុតសំរាមនៅតាម
ទីសាធារណៈទៀត។ ប៉ុន្តែក្នុងករណី ប្រជាពលរដ្ឋមិនអនុវត្តការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនោះ រដ្ឋបាលស្រុកនឹងផាកពិន័យទៅតាមច្បាប់ស្តីពីបរិស្ថាន។
លោកក៏បានស្នើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត នៅក្នុងស្រុកបន្ទាយស្រីត្រូវចូលរួមថែរក្សា អនាម័យ និងវេចខ្ចប់រាល់កាកសំណល់របស់ខ្លួនដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល។
សូមជម្រាបថា ស្រុកបន្ទាយស្រីមានចំនួន ០៦ឃុំ និងភូមិចំនួន៣៦ ជាទូទៅសំរាម
នៅទូទាំងស្រុកនេះ ក្នុងមួយថ្ងៃមានប្រមាណ
ពី៥តោនទៅ១០តោន៕