រដ្ឋាភិបាលរុស្ស៊ីប្រកាសគាំទ្រកម្ពុជាក្នុងការចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០១-១០- ២០


រដ្ឋាភិបាលរុស្ស៊ីបានប្រកាសគាំទ្រកម្ពុជា ក្នុងការចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីដើម្បីឱ្យកម្ពុជាអាចទទួលបាន
ពាណិជ្ជកម្មសេរី។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ណី សំអុល អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ បានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ឱ្យចូលចរចាទៅក្នុងទីផ្សារថ្មីមួយឈ្មោះថា «សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Eurasian Economic Union)» ដើម្បីឱ្យកម្ពុជាទទួលបានកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងការពង្រីកទីផ្សារពាណិជ្ជកម្មរបស់ខ្លួនទៅក្រៅប្រទេស។
ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ចគាំទ្រនេះ នឹងធ្វើឱ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសម្ព័ន្ធមួយនេះងាយស្រួលជំរុញ ការវិនិយោគ ការពង្រីកទីផ្សារ និងការចូលទៅទីផ្សារថ្មី។

ឯកឧត្តម ណី សំអុល បានបន្តថា ក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន ក៍បានថ្លែងអំណរគុណដល់រុស្ស៉ី ចំពោះជំហរប្រកាសគាំទ្រកម្ពុជា ហើយភាគីរុស្ស៉ីតាមរយៈ ឯកអគ្គរដ្ឋទូត បានអរគុណកម្ពុជាវិញដែរ ដែលកម្ពុជាតែងតែគាំទ្របេសកកម្មកាទូតរបស់រុស្ស៊ីគ្រប់កាលៈទេសៈ ទាំងលើឆាកអន្តរជាតិ និងតំបន់ ៕