រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់និងលើកកម្ពស់សិទ្ធិគាំពារកុមារក្រីក្រ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់និងលើកកម្ពស់សិទ្ធិគាំពារកុមារក្រីក្រ ដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

លោក ភី ណូ  ប្រធាននាយកដ្ឋានសុខុមាលភាពកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពគាំពារសង្គម តាមរយៈកិច្ច គាំពារកុមារក្រីក្រ ដោយបានដាក់ឱ្យដំណើរការ នូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ចនៅតាមសហគមន៍។

លោកបញ្ជាក់ថា កិច្ចគាំពារនេះគឺដើម្បីធានាបានឧត្តមប្រយោជន៍របស់កុមារ ដើម្បីឱ្យកុមារក្លាយ ជាធនធានមនុស្សដ៏ល្អ មានសុខភាពល្អសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។

លោកថា ចំពោះកុមារក្រៅពីអង្គការដៃគូ
រាជរដ្ឋាភិបាលបានខិតខំដោះស្រាយនិងគាំពារកុមារយ៉ាងល្អគឺមិនទុកឱ្យកុមារណាម្នាក់ឬប្រជាជនណាម្នាក់រងគ្រោះដោយអត់ឃ្លានទេ ។ ពាក់ព័ន្ធនឹងការគាំពារកុមារនេះ ទោះបីកុមារនៅក្នុងសហគមន៍ ឬមូលដ្ឋានណា ដែលមិនបានអង្គការដៃគូជួយ ប៉ុន្តែថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីលើដល់
ក្រោមគឺបានជួយ តាមរយៈថវិកាផ្ទាល់ខ្លួន
ឬថវិកាសប្បុរសជននានា បន្តជួយជាហូរហែ។វិធានការទៅមុខ ទាំងរដ្ឋាភិបាល ទាំងអង្គការដៃគូទាំងអស់ នៅតែចាត់ទុក ការងារគាំពារកុមារជាអាទិភាព» ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ភាពអនុគ្រោះ ដល់កុមារក្រីក្រ នូវសេវាកម្ម  ផ្សេងៗដូចជា លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ដើម្បីធានានិរន្តរភាពជីវភាពរស់នៅរបស់កុមារប្រកបដោយសេចក្តីថ្លៃថ្នូរ ៕