រដ្ឋមន្ត្រីការងារស្នើឱ្យជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នៅទីស្ដីការក្រសួងការងារ

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងកម្ពុជាជប៉ុនលើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់ និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដោយសារ បច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះ នូវវិបត្តិមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការ ដែលមក ដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូន កម្មករ និយោជិត និយោជក និងប្រជាពលរដ្ឋ ទន្ទឹមនេះ សម្រាប់កម្មករ និយោជិតដែល ព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និង ស្វែងរកបាននូវឱកាសការងារថ្មី។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះភាគី ជប៉ុនដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាត ឱ្យចេញចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។

ឯកឧត្ដមបានលើកឡើងថា តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេលដែលភាគីទាំងពីរឯកភាពនូវមធ្យោបាយនិងនីតិវិធីក្នុងការធានាឱ្យបាននូវការឆ្លងវីរសកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា នៅក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។ គោលនយោបាយនេះ ក៏កំពុងត្រូវការការចូលរួមជួយពីសំណាក់ដៃគូជាច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការបណ្ដុះបណ្ដាលលើជំនាញអគ្គិសនីផងដែរ។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ក្រសួងការងារបានស្នើទៅកាន់អង្គការ JICA ដើម្បីសុំឱ្យមានគ្រូបច្ចេកទេសផ្នែកអគ្គិសនីនេះមកជួយបង្រៀនបន្ថែម ហើយ​ឯកឧត្ដមរដ្ឋមន្រ្ដីសង្ឃឹមថាជប៉ុននឹងយល់ព្រមចំពោះសំណើនេះ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន មីកាមិ ម៉ាសាហ៊ីរ៉ូ បានកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តម ឯកអគ្គរាជទូតបានបង្ហាញឱ្យឃើញថា ក្រុមអ្នកវិនិយោគទុនជប៉ុន ពិតជាបានរួមវិភាគទានយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការលូតលាស់រីកម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុនមិនបានបិទនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះឡើយ មានតែបន្តបង្កើនវិនិយោគបន្ថែមទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនដែលផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម។

សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០ ០០០នាក់

ដោយ ប៊ុនរិទ្ធ