មេដឹកនាំកូរ៉េខាងជើងកត់សម្គាល់នូវកំហុសឆ្គងមួយចំនួន ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាប្រធាននៃកិច្ចប្រជុំការិយាល័យនយោបាយ ស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដោយចង្អុលបង្ហាញអំពីកំហុសឆ្គងមួយចំនួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។

កាសែត Chongnyon Jonwi បាននិយាយថា «កិច្ចប្រជុំនេះបានចង្អុលបង្ហាញនូវកំហុសឆ្គងមួយចំនួនដែលត្រូវបានរកឃើញក្នុងការការពារការឆ្លងវីរុសដ៏សាហាវនេះ និងមានការសិក្សា និងពិភាក្សាស៊ីជម្រៅអំពីបញ្ហានានា ស្តីពីការពង្រឹងបន្ថែមទៀតនូវការងារប្រឆាំងនឹងការរាតត្បាត»។

កិច្ចប្រជុំលើកទី១៨ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ បានកើតឡើងបន្ទាប់ពីកងទ័ពកូរ៉េខាងជើងបានបាញ់សម្លាប់មន្ត្រីជលផលកូរ៉េខាងត្បូងម្នាក់ដែលបានបាត់ខ្លួន ខណៈកំពុងបំពេញភារកិច្ចនៅក្នុងដែនទឹកនៅជិតព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ព្រមទាំងបានដុតសាកសពរបស់គាត់ទៀតផង។

គេជឿថា បុរសនោះបានប៉ុនប៉ងគេចខ្លួនដោយលោតចូលទៅក្នុងសមុទ្រ។ ក្រោយមក លោក គីម បានសុំអភ័យទោសដល់ទីក្រុងសេអ៊ូល ដោយសន្យាចាត់វិធានការដើម្បីចៀសវាងឧប្បត្តិហេតុបែបនេះនាពេលអនាគត។

កិច្ចប្រជុំការិយាល័យនយោបាយក៏បានព្រមានប្រឆាំងនឹង «ភាពមិនពេញចិត្តខ្លួនឯង ការមិនទទួលខុសត្រូវ និងភាពយឺតយ៉ាវ» ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការរីករាលដាលនៃជំងឺនេះ នឹងបានអំពាវនាវឱ្យរក្សាការអនុវត្តរាល់វិធានការប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានរឹងមាំនៅក្នុងប្រទេសនេះ។

លើសពីនេះទៀត ការិយាល័យនយោបាយក៏បានពិនិត្យមើលព្រឹត្តិការណ៍នានាក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតគណបក្ស និងវឌ្ឍនភាពនៃដំណោះស្រាយ បន្ទាប់ពីព្យុះទីហ្វុងបានវាយប្រហារលើឧបទ្វីបនេះកាលពីក្នុងខែកញ្ញាផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)