វៀតណាមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាង UN និងសហភាពអាហ្វ្រិក

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិក (AUPSC) ខណៈដែលលោកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំ រវាងក្រុមប្រឹក្សាទាំងពីរដែលបានធ្វើឡើងតាមប្រព័ន្ធ     អ៊ីនធើណេតកាលពីថ្ងៃទី ២៩ ខែកញ្ញា។

លោកបានលើកឡើងអំពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេនាពេលកន្លងមកជាមួយនឹងការបង្កើតបេសកកម្មរក្សាសន្តិភាពនៅ Darfur (ស៊ូដង់) និងសូម៉ាលី ដែលជាគំនិតផ្តួចផ្តើម «បំបិទកាំភ្លើងនៅទ្វីបអាហ្វ្រិកត្រឹមឆ្នាំ ២០២០» និងសកម្មភាពផ្សេងៗទៀតដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខ ក៏ដូចជាការផ្តល់អំណាចដល់ស្ត្រី។

នៅពេលទ្វីបអាហ្វ្រិកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏គួរឱ្យភ័យខ្លាច លោកឯកអគ្គរដ្ឋទូត Quy បានសម្តែងក្តីសង្ឃឹមថា UNSC និង AUPSC នឹងបន្តស្វែងរកវិធានការសហប្រតិបត្តិការថ្មីទៀតដើម្បីស្វែងរកដំណោះស្រាយសមស្រប។

លោកបានឆ្លៀតក្នុងឱកាសនោះដើម្បីសម្តែងពីតួនាទីរបស់ សហភាពអាហ្វ្រិកក្នុងការលើកកម្ពស់ ពហុភាគីនិយម និងចូលរួមវិភាគទានដល់ការងាររបស់អង្គការសហប្រជាជាតិ។

លោក Quy បានអះអាងថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ដោយលោកបានស្នើថា អាស៊ាន និងសហភាពអាហ្រ្វិក អាចសហការ និងចែករំលែកបទពិសោធន៍លើវិស័យផ្សេងៗទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំនោះ អ្នកចូលរួមបានពិភាក្សាគ្នាអំពីវិធានការណ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង UNSC និង AUPSC ព្រមទាំងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍនៅទ្វីបអាហ្វ្រិកតាមរយៈគំនិតផ្តួចផ្តើម «បំបិទកាំភ្លើងនៅទ្វីបអាហ្រ្វិកត្រឹមឆ្នាំ ២០២០»៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)