បណ្តាប្រទេសនៅអនុតំបន់ទន្លេមេគង្គ និងកូរ៉េខាងត្បូង ពង្រឹងទំនាក់ទំនងកាន់តែប្រសើរចំពេលមានជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០​ — ប្រទេសនៅអនុតំបន់មេគង្គចំនួន ៥ និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យមានការខិតខំរួមគ្នាដើម្បីស្តារ និងលើកកម្ពស់ពាណិជ្ជកម្មពិភពលោកដែលញាំញីដោយជំងឺរាតត្បាតកូរ៉ូណាវីរុស និងដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយយុត្តិធម៌ និងសមធម៌។

ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហប្រធាន ដែលត្រូវបាន អនុម័តបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង – តំបន់ទន្លេមេគង្គ លើកទី ១០ ដែលធ្វើឡើងតាម រយៈសន្និសីទវីដេអូ។ ប្រទេសនៅតាមដងទន្លេមេគង្គរួមមាន ប្រទេសវៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងថៃ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងត្បូងនេះបាននិយាយថា «បណ្តារដ្ឋមន្រ្តី … បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការរួមគ្នាដើម្បីស្តារ និងរក្សាទំនាក់ទំនងទៅវិញទៅមក ដោយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិ និងការធ្វើដំណើរចាំបាច់របស់ប្រជាជន ទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែន»។

ពួកគេក៏បានបញ្ជាក់សារជាថ្មីផងដែរនូវការគាំទ្ររបស់ពួកគេសម្រាប់ «ពហុភាគីនិយមវ៉ាក់សាំង និងគោលដៅនៃការធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នា»។

បណ្តារដ្ឋមន្រ្តីទាំងអស់ក៏បានបង្ហាញនូវការព្រួយបារម្ភអំពីការគាំពារនិយមពាណិជ្ជកម្ម និងភាពតានតឹង ហើយបានអំពាវនាវឱ្យមានប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយតម្លាភាព សេរី បើកចំហ និងផ្អែកលើច្បាប់ដែលដឹកនាំដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

ទាក់ទងនឹងដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ ពួកគេបានបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងការកសាងសន្តិភាពជាអចិន្ត្រៃយ៍ ហើយបានឯកភាពគ្នាថា សន្តិភាព និងវិបុលភាពនៅលើឧបទ្វីបនេះអាចទទួលបានតែតាមរយៈកិច្ចសន្ទនាគ្នាតែប៉ុណ្ណោះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)