អាជ្ញាធររាជធានីភ្នំពេញសន្យាពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហុក​ សុខរិន​ ០១ ខែតុលា ឆ្នាំ២០២០

MC. អាជ្ញាធររាជធានីភ្នំពេញសន្យាពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានយកទៅប្រើប្រាស់តាមតម្រូវការ។
ឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានណែនាំដល់ប៉ុស្តិ៍នគរបាលទាំងអស់ត្រូវចុះទៅតាមមូលដ្ឋានឬខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសួរនាំពីក្តីកង្វល់របស់ប្រជាពលរដ្ឋ ពិសេសការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាពេលនេះ គឺឆ្លើយតបទៅនឹងក្តីកង្វល់ របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ ដែលបានលើកឡើងនូវក្តីកង្វល់ជាច្រើនពាក់ព័ន្ធនឹងការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ចំពោះបញ្ហាការផ្តល់អត្តសញ្ញាណប័ណ្ណនៅក្នុងខណ្ឌព្រែកព្នៅ គឺតម្រូវឱ្យអភិបាលខណ្ឌ និងអធិការនគរបាលខណ្ឌរួមសហការគ្នាចុះទៅស្រង់ទិន្នន័យចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយត្រូវពន្យល់ប្រាប់ពីមូលហេតុនានាដល់ប្រជាពលរដ្ឋទំាងនោះ ពីភាពយឹតយ៉ាវដែលមិនទាន់ទទួលបាន ដើម្បីឱ្យពួកគាត់បានស្ងប់ចិត្ត មិនថ្នាំងថ្នាក់ជាមួយអាជ្ញាធរ។ឯកឧត្តមបានបន្ថែមថា ការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទៅតាមតម្រូវការនេះ គឺជាការផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ពិសេសត្រៀមយកទៅចូលរួមបោះឆ្នោតនាពេលខាងមុខ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជបលែងឱ្យប្រើឯកសារអ្វីផ្សេងទំាងអស់ក្រៅតែអំពីអត្តសញ្ញាណប័ណ្ណទើបអាចចូលរួមបោះឆ្នោតបាន។
លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានសន្យាថា នឹងបញ្ជូនក្រុមការងារជំនាញចុះទៅធ្វើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសេសសល់ឱ្យអស់នៅពេលឆាប់ៗនេះ ខណៈដែលកន្លងមក រដ្ឋបាលខណ្ឌនិងមន្រ្តីនគរបាលបានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៣ម៉ឺន៨ពាន់ នាក់ហើយ ពោលគឺនៅសល់តិចតួចប៉ុណ្ណោះដែលមិនទាន់បានធ្វើ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការរៀបចំវេទិកាសាធារណៈនេះ បានធ្វើឱ្យអាជ្ញាធរបានដឹងពីក្តីកង្វល់ពិតប្រាកដរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន ហើយអាជ្ញាធរសន្យា នឹងកែលម្អដោះស្រាយរាល់តម្រូវការនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាស្របតាមបំណង ប្រាថ្នារបស់ពួកគាត់។
សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជ ធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌព្រែក ព្នៅ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានលើកជាបញ្ហា និង ក្តីកង្វល់ រហូតដល់៦១បញ្ហាក្នុងនោះ ផ្ទាល់ចំនួន៩ ជាលាយលក្ខណ៌អក្សរចំនួន៥២ ជាមួយគ្នានេះ ក្រុមការងារជំនាញបានដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋបានជាច្រើនបញ្ហាផងដែរ៕