អេកូទេសចរណ៍៤ អភិវឌ្ឍ រួមគ្នាជាកញ្ចប់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១-១០-២០២០


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង
ទេសចរណ៍បានឱ្យដឹងថា សហគមន៍
ទេសចរណ៍ធម្មជាតិរលាក់កងជើង ហៅ
ភ្នំខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ នេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមន៍ ទេសចរណ៍ទួលព័ន្ធតាឡី ហៅ បឹងស្នេហ៍ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នឹងទទួលបានការអភិវឌ្ឍរួមគ្នាជាកញ្ចប់ ដើម្បីទាក់ទាញទេសចរក្នុងស្រុក។
ថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍
ទេសចរណ៍និងអេកូទេសចរណ៍ នាថ្ងៃទី៣០ ខែកញ្ញា ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា គោលដៅសហគមន៍អេកូទេសចរណ៍អាទិភាព ចំនួន៤កន្លែងនេះ មានសក្ដានុពលខ្លាំងលើវិស័យទេសចរណ៍ និងកំពុងទាក់ទាញ ភ្ញៀវទេសចរបានយ៉ាងច្រើន ដែលទាមទារការអភិវឌ្ឍផ្នែកប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ តភ្ជាប់ទៅកាន់សហគមន៍
ទាំងនោះ មានដូចជា៖ ផ្លូវធ្វើដំណើរ បរិស្ថាន អនាម័យ និងសំរាម ទឹកស្អាត និងអគ្គិសនី
ប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទនិងអ៊ិនធើណេត ការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍
ទេសចរណ៍ ការផ្សព្វផ្សាយ ជាដើម។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគាំទ្រការអភិវឌ្ឍតំបន់គោលដៅ អេកូទេសចរណ៍ទាំងនេះ ដោយឯកឧត្តមមានប្រសាសន៍ថា ការបញ្ចូល
សកម្មភាព ទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅតាម មូលដ្ឋានផ្ទាល់ ព្រមទាំងការចូលរួមការពារព្រៃឈើនិងធនធានធម្មជាតិផងដែរ៕​