មន្ទីរសុខាភិបាលខេត្តកោះកុងបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ បង្កើនការការពារ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
៣០-០៩-២០២០


MC៖ មន្ទីរសុខាភិបាលខេត្តកោះកុង បន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យបង្កើនការការពារ ជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺឆ្លងផ្សេងៗ ខណៈដែលជំងឺទាំងនេះ កំពុងកើតឡើងច្រើន បង្កឱ្យមានអ្នកជំងឺឈឺជាច្រើនករណី។

​   លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាថា ដោយអនុវត្តន៍តាមការណែនាំរបស់ រាជរដ្ឋាភិបាល ដើម្បីការពារសុខភាព
ប្រជាពលរដ្ឋពីជំងឺគ្រុនឈាម និងជំងឺគ្រុន
ឈីក ដែលបង្កឡើងដោយសារមូសខ្លា មន្ទីរសុខាភិបាល និងក្រុមការងារជំនាញ បានចុះប្រតិបត្តិការបាញ់ថ្នាំ និងដាក់ថ្នាំអាប៊ែត កំចាត់ជម្រកសត្វមូស ការពារសុខភាពប្រជាពលរដ្ឋ កុំឱ្យកើតមាន ជំងឺគ្រុនឈីក និងជំងឺគ្រុនឈាមនេះ ។ លោកវេជ្ជបណ្ឌិត បាន
បញ្ជាក់ថា កន្លងមកអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើការផ្សព្វផ្សាយ និងអប់រំ ឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឱ្យសម្អាតទីធ្លាជុំវិញបរិវេណ
លំនៅឋាន ថែរក្សាអនាម័យបរិស្ថាន លុបបំបាត់ថ្លុកទឹកដក់កុំឱ្យមាន ហើយត្រូវគេងក្នុងមុង ជាពិសេស ក្មេងៗត្រូវស្លៀកពាក់ខោអាវដៃវែង និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា យើងបាន
ទទួលថ្នាំអាប៊ែតចំនូន៣តោនបន្ថែមទៀត
ហេតុដូចនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានចុះដាក់ថ្នាំអាប៊ែត និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ព្រោះទាំងអស់នេះគឺកើតចេញពីពួកគាត់ផ្ទាល់ ចូលរួមកំចាត់ជម្រកមូស។ សូមបងប្អូនទាំងអស់ត្រូវយល់ដឹងឱ្យបានខ្ពស់ ខណៈដែលនេះជារដូវភ្លៀងគឺយើងត្រូវតែប្រុងប្រយ័ត្ន ។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ នៅទូទាំងខេត្តកោះកុង មានអត្រាជំងឺគ្រុនឈាម និងជំងឺគ្រុនឈីកចំនួន ៣៨ករណី ដែលកើត
នៅក្នុងសង្កាត់ដងទង់ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕