រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ នៅដើមសប្តាហ៍ក្រោយនេះ

វិទ្យុជាតិកម្ពុជា,  វ៉ាង ភក្តី ៣០-០៩-២០២០

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញ

នៅដើមសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់សំខាន់ៗ តាមសំណើរាជរដ្ឋាភិបាល។

  ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះ បានសម្រេច

បន្តសម័យប្រជុំពេញអង្គឡើងវិញនៅថ្ងៃទី៥ ខែតុលា បន្ទាប់ពីសម្រាករយៈពេល៣ខែ ដើម្បីទុកពេលឱ្យតំណាងរាស្ត្រចុះមូលដ្ឋាន។

អ្នកនាំពាក្យរដ្ឋសភារូបនេះ បញ្ជាក់ថា សំណើសេចក្តីព្រាងច្បាប់ដែលនឹងត្រូវលើកពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំពេញអង្គចាប់ពីដើមសប្តាហ៍ក្រោយនេះរួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និង  រដ្ឋាភិបាល

នៃសាធារណរដ្ឋបារាំង។ ៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ៤. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារត។ ៥. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើវិសោធនកម្មលើពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ ៦. សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៧. សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល

នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល

នៃម៉ាឡេស៊ីស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ៨.  សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការ

លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ៩. សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ១០. សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ៕