សហគ្រាសធុនតូច និងមធ្យមរបស់សិង្ហបុរីមានទុទិដ្ឋិនិយមចំពោះទស្សនវិស័យអាជីវកម្ម

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​ — ទំនុកចិត្តទៅលើសកម្មភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរីសម្រាប់រយៈពេលនៅសល់នៃឆ្នាំ២០២០ បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៩មក ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបានបង្អាក់ដល់កំណើនសេដ្ឋកិច្ចពិភពលោក នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះនៅជុំវិញពិភពលោក។

យោងតាមការប្រកាសកាលពីពេលថ្មីៗនេះរបស់សហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) និងក្រុមហ៊ុន Experian អំពីសន្ទស្សន៍ SBF-Experian នៃសហគ្រាសធុនតូច និងមធ្យម សម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២០ និងត្រីមាសទី១ ឆ្នាំ២០២១ បានឱ្យដឹងថា សន្ទស្សន៍សហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជី ៤៦,៣ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការបង្កើតសន្ទស្សន៍ក្នុងឆ្នាំ ២០០៩ មក។

SBF បាននិយាយថា ភាពមិនប្រាកដប្រជាដែលកើតចេញពីជំងឺរាតត្បាត និងការរឹតបន្តឹងដែលបានធ្វើឡើងដើម្បីបន្ថយការរីករាលដាលនៃមេរោគនេះ បានធ្វើឱ្យធ្លាក់ចុះនូវចក្ខុវិស័យទូទៅនៃសហគ្រាសធុនតូច និងមធ្យមរបស់សិង្ហបុរីនៅប៉ុន្មានខែបន្ទាប់។

វិស័យសំណង់ និងវិស្វកម្ម បានចុះបញ្ជីនូវការថយចុះគួរឱ្យកត់សម្គាល់បំផុតនៅក្នុងសន្ទស្សន៍ (ធ្លាក់ចុះ ៦,១ភាគរយ) ដែលទំនងជាបណ្តាលមកពីការបន្តការស្នាក់នៅ និងការចំណាយបន្ថែមដែលកើតឡើងពីការពន្យារពេលគម្រោង។

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានថយចុះ ១៣,២ភាគរយនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)