ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងតស៊ូនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៩ ខែកញ្ញា ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤.០០២នាក់ ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ២៨២.៧២៤នាក់។

ជំងឺឆ្លងកូរ៉ូណាវីរុសនេះបានឆក់យកជីវិតមនុស្សចំនួន ១២៨នាក់បន្ថែមទៀតនៅក្នុងប្រទេសនេះក្នុងអំឡុងពេល ២៤ម៉ោងកន្លងមក ដែលជំរុញឱ្យមានចំនួនអ្នកស្លាប់សរុបដល់ទៅ ១០.៦០១នាក់។

ប្រទេសហ្វីលីពីនបានបញ្ជាក់អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២.០២៥នាក់ និងមានអ្នកស្លាប់ចំនួន ៦៨នាក់ក្នុងថ្ងៃតែមួយ។ ចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានចំនួន ៣០៩.៣០៣នាក់ និងចំនួនអ្នកស្លាប់មានដល់ទៅ ៥.៤៤៨នាក់។

ទន្ទឹមនឹងនេះដែរ ប្រទេសថៃនឹងទទួលបានក្រុមភ្ញៀវទេសចរបរទេសដំបូងគេដែលធ្វើដំណើរតាមជើងហោះហើរពីប្រទេសចិននៅសប្តាហ៍ក្រោយ ដែលនេះជាជំហានដំបូងនៃការចាប់ផ្តើមទេសចរណ៍ឡើងវិញដែលត្រូវបានបំផ្លិចបំផ្លាញដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីជំងឺកូវីដ-១៩ ចំនួន ៣.៥៥៩នាក់ ដោយក្នុងនោះមានមនុស្សស្លាប់ចំនួន ៥៩នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)