ប្រទេសថៃបន្តរយៈពេលអនុគ្រោះសម្រាប់ជនបរទេសដែលជាប់គាំង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​ — មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA) បាននិយាយថា ខ្លួនបានសម្រេចបន្តរយៈពេលអនុគ្រោះសម្រាប់ការបន្តទិដ្ឋាការដល់ជនបរទេស ដែលកំពុងជាប់គាំងនៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែតុលា ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។

យោងតាមអ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានឱ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងខណៈដែលជើងហោះហើរជាច្រើនមិនដំណើរការ ហើយជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកឆ្លងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន។

នៅក្នុងខែកក្កដា អាជ្ញាធរថៃបានផ្តល់ការពន្យារទិដ្ឋាការដោយស្វ័យប្រវត្តិចាប់ពីចុងខែមីនា ដល់ថ្ងៃទី ២៦ ខែកញ្ញា ដល់ជនបរទេសទាំងអស់។

បន្ទាប់ពីខែតុលា បទបញ្ជាអន្តោប្រវេសន៍ថ្មីនឹងអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំពន្យារសម្រាប់ រយៈពេល ៦០ថ្ងៃបន្តនៅក្នុងប្រទេសថៃ សម្រាប់តែជនបរទេសណាដែលមិនអាចចាកចេញបានដោយសារតែជើងហោះហើរមានកំណត់ ឬបញ្ហាបន្ទាន់ផ្សេងៗទៀតតែប៉ុណ្ណោះ។

ការឆ្លងជំងឹកូវីដ-១៩ សរុបនៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា មានចំនួន ៣.៥៤៥នាក់ ដែលមានអ្នកស្លាប់ចំនួន ៥៩នាក់។

នៅថ្ងៃដដែលនោះ ប្រទេសម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងដាក់ចេញនូវការរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅក្នុងស្រុកចំនួន៤ ក្នុងរដ្ឋ Sabah បន្ទាប់ពីមានការរាយការណ៍អំពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជាង ១.០០០នាក់នៅទីនោះនៅក្នុងខែកញ្ញា។

រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ អាជីវកម្មមិនសំខាន់នៅក្នុងស្រុក Lahad Datu ស្រុកTawau ស្រុក Kunak និងស្រុក Semporna នឹងត្រូវបិទរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញាទៅ។

គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា អត្រាឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ចំនួន ១០.៩១៩នាក់ ដោយក្នុងនោះមាន ៩.៨៣៥នាក់បានជាសះស្បើយ និង ១៣៤នាក់បានស្លាប់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)