ប្រជាពលរដ្ឋក្រុងសៀមរាបស្ម័គ្រចិត្តរុះរើសំណង់ដែលបានសង់លើដីចំណីផ្លូវទាំង៣៨ខ្សែជាបណ្តើរៗហើយ

វិទ្យុជាតិកម្ពុជា ៖​ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

ប្រជាពលរដ្ឋដែលបានសង់លំនៅដ្ឋានរំលោភលើដីចំណីផ្លូវត្រៀមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប បានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនជាបណ្តើរៗហើយ ដើម្បីបើកផ្លូវឱ្យក្រុមគណៈកម្មការជំនាញ
ស្ថាបនាផ្លូវនាពេលឆាប់ៗនេះ ។
ក្រោយពេលទទួលបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការរុះរើសំណង់របស់ខ្លួនដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០រួចមក រហូតមកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៍បានយល់ព្រមរុះរើសំណង់របស់ខ្លួនតាមការណែនាំ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តការពង្រីក និងសាងសង់ផ្លូវទាំង ៣៨ខ្សែឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក។
លោក ប៊ូ វណ្ណា ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានប្រាប់ថា លោកយល់ព្រមរុះរើសំណង់ដោយស្ម័គ្រ
ចិត្តតាមការណែនាំរបស់ក្រុមជំនាញពាក់ព័ន្ធ ស្របតាមប័ណ្ណកម្មសិទ្ធិដែលអាជ្ញាធរប្រគល់ជូន។ លោកថា ការរុះរើនៅពេលនេះ ដើម្បីពង្រីកផ្លូវឱ្យបានធំទូលាយ ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ប្រកបការងារ
និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោកថា ខាងសុរិយោដីបានប្រាប់
តាំងពីពេលធ្វើប្លង់ថានឹងមានការពង្រីកផ្លូវ បើ
ចង់បានប្លង់ត្រូវតែផ្តិតមេដៃ បើមានការរុះរើ
ត្រូវតែយល់ព្រមរុះរើដោយខ្លួនឯង ហើយបានផ្តិតមេដៃរួចហើយ ព្រោះចង់បានផ្លូវធំ
ស្រឡះ ហើយផ្ទះជិតសាលារៀន ផ្លូវធំមិន
សូវមានគ្រោះថ្នាក់ដល់ក្មេង ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក
រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិធ្លាប់បានឲ្យដឹងថា ចំពោះករណីម្ចាស់សំណង់ដែល
បានសាងសង់រំលោភលើដីចំណីសាធារណៈ ជាពិសេសផ្លូវដែលត្រៀមសាងសង់ទាំង៣៨ខ្សែ ត្រូវតែរុះរើចេញដោយមិនមានលក្ខខណ្ឌឬសងសំណងណាមួយឡើយ ព្រោះអាជ្ញាធរពាក់ព័ន្ធបានទុករយៈពេលជាយូមកហើយ ឱ្យបងប្អូនធ្វើការរុះរើដោយ
ខ្លួនឯង ។

សូមបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែដែលគ្រោងស្ថាបនាឡើងវិញនេះអាចមានផ្លូវដែល
មានសកម្មភាពចរាចរណ៍មមាញឹកខ្លាំង រួមមាន ៖ ផ្លូវហ្សាលដឺហ្គោល , ផ្លូវកូម៉ៃផ្លូវជាតិ
លេខ៦ , ផ្លូវក្រវ៉ាត់ក្រុងសៀមរាប , ផ្លូវអមមាត់
ស្ទឹងសៀមរាប , ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងក្រុងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបឱ្យកាន់តែស្រស់ស្អាត។គម្រោង
ស្ថាបនាផ្លូវនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន
ប្រកាសសម្រេចកញ្ចប់ថវិកាចំនួន១៥០
លានដុល្លារអាមេរិក ដោយគ្រោងបើកការដ្ឋានស្ថាបនា នៅ ខែវិច្ឆិកាខាងមុខ ហើយរំពឹងថាផ្លូវទាំង៣៨ខ្សែនេះ នឹងរួចជាស្ថាពរនាចុងឆ្នាំ២០២១ខាងមុខ៕