សហគមន៍ចំនួន៥៩ចុះកិច្ចសន្យាផ្គត់ផ្គង់កសិផល៤មុខសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩-០៩-២០២០


MC: សហគមន៍ចំនួន៥៩ មកពីខេត្តតាកែវ កំពង់ស្ពឺ កំពត កំពង់ឆ្នាំង មណ្ឌលគិរី ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ទំនិញកសិផលចំនួន៤មុខមានដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្ករត្នោតកំពង់ស្ពឺ និងម្រេច សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា សហគមន៍ទាំង៥៩នេះ ទទួលបានកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គចំនួនជិត៣ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន២ម៉ឺន៦ពាន់តោន ស្ករត្នោតកំពង់ស្ពឺចំនួន១០០តោន និងម្រេចចំនួន៥០តោន សម្រាប់លក់ទៅឱ្យក្រុមហ៊ុននាំចេញទៅកាន់ទីផ្សារប្រទេសចិន ហុងកុង សហគមន៍អឺរ៉ុប អូស្រ្តាលី និងបណ្តាទ្វីបផ្សេងទៀត។
ថ្លែងក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងក្រុមហ៊ុន និងសហគមន៍កសិកម្មនៅកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យមានការចងក្រងបណ្តុំសហគមន៍កសិកម្មឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញការផលិតសម្រាប់ទិសដៅនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការប្រមូលផ្តុំរវាងអ្នកផលិត អ្នកកែច្នៃ វិស័យឯកជន និងវិស័យសាធារណៈ នឹងធានាបាននូវច្រវាក់ផ្គត់ផ្គង់ និងតម្លៃប្រកបដោយប្រសិទ្ធភាព ខណៈរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យផ្តល់ឥណទានពិសេសសម្រាប់ពង្រឹង និងពង្រីកផលិតកម្មដាំដុះ និងកែច្នៃផលិតផលនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។
ឯកឧត្តម បានឱ្យដឹងថា មកទល់ពេលនេះមានសហគមន៍កសិកម្មជាង៧៥០ហើយ ដែលបានចុះកិច្ចសន្យាផ្គត់ផ្គង់កសិផលទៅឱ្យក្រុមហ៊ុនធ្វើការនាំចេញ និងរំពឹងថា ចំនួនកិច្ចសន្យានេះ នឹងកើនឡើងដល់១ពាន់សហគមន៍នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី ស្នើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែមក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុនដែលកំពុងអនុវត្តកិច្ចសន្យា និងស្នើដៃគូអភិវឌ្ឍន៍ បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។
លោក Gray Ellem ប្រធានក្រុមខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC សន្យាជួយបង្កើនការនាំចេញដំណាំកសិ-ឧស្សាហកម្ម និងអង្ករសរីរាង្គរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើនបន្ថែមទៀត តាមរយៈធ្វើការងារជាមួយបណ្តុំកសិករលើផ្នែកបច្ចេកទេសដាំដុះ ទុនបង្វិល និងក្រុមហ៊ុនទទួលទិញសម្រាប់ការនាំចេញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការជាថ្មី ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបាន១លានតោននៅឆ្នាំ២០២២ និងជំរុញការនាំចេញផ្លែឈើស្រស់និងកែច្នៃ និងទំនិញកសិ-ឧស្សាហកម្មឱ្យបានច្រើនបន្ថែមទៀត៕