កងកម្លាំងយោធាប្រមាណ ២០០នាក់បានរងរបួសនៅតំបន់ណាហ្កូរណូ – ការ៉ាបាហ៍

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិអាមេនី លោក Artsrun Ovannisyan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងយោធាប្រមាណ ២០០នាក់មកពីសាធារណរដ្ឋដែលមិនត្រូវបានទទួលស្គាល់ ណាហ្កូរណា-ការ៉ាបាហ៍ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយជាមួយយោធាអាស៊ែបៃហ្សង់។

លោកបានចង្អុលបង្ហាញថា «កងយោធាប្រមាណ ២០០នាក់មកពីអង្គភាពការពារជាតិ Artsakh (ណាហ្កូរណា-ការ៉ាបាហ៍) បានរងរបួស។ ពួកគេទាំងអស់កំពុងស្ថិតនៅក្រោមការឃ្លាំមើលផ្នែកវេជ្ជសាស្រ្ត ហើយអ្នកខ្លះត្រូវបានបញ្ជូនទៅ Yerevan»។

មជ្ឈមណ្ឌលព័ត៌មានរបស់រដ្ឋាភិបាលអាមេនីបាននិយាយកាលពីព្រឹកថ្ងៃចន្ទថា កងកម្លាំងយោធាចំនួន ៣១នាក់មកពីសាធារណរដ្ឋដែលមិនត្រូវបានទទួលស្គាល់ ណាហ្កូរណា-ការ៉ាបាហ៍ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី ២៧ ខែកញ្ញា។

កាលពីថ្ងៃទី ២៧ ខែកញ្ញា លោក Baku បាននិយាយថា ប្រទេសអាមេនីបានបាញ់ផ្លោងទៅលើទីតាំងរបស់កងទ័ពអាស៊ែបៃហ្សង់ និង Yerevan ដោយអះអាងថា កងកម្លាំងប្រដាប់អាវុធរបស់អាស៊ែបៃហ្សង់បានបើកការវាយលុកឆ្ពោះទៅតំបន់ ណាហ្កូរណូ – ការ៉ាបាហ៍ ដោយបានបាញ់កាំភ្លើងទៅលើទីលំនៅក្នុងតំបន់នោះ រួមទាំងរដ្ឋធានី Stepanakert ។ ភាគីទាំងពីរបានរាយការណ៍អំពីគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត ដោយក្នុងនោះមានទាំងជនស៊ីវិលផងដែរ។ អាជ្ញាធរអាមេនីបានប្រកាសច្បាប់អាជ្ញាសឹក និងប្រកាសពីការប្រមូលផ្តុំ។ រីឯអាស៊ែបៃហ្សង់ក៏បានប្រកាសច្បាប់អាជ្ញាសឹកនិងប្រកាសពីការកេណ្ឌយោធាមួយផ្នែកដែរ។

ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់លើតំបន់ខ្ពង់រាប ណាហ្កូរណូ-ការ៉ាបាហ៍ ដែលជាទឹកដីមានជម្លោះដែលជាផ្នែកមួយនៃអាស៊ែបៃហ្សង់មុនពេលការបែកបាក់របស់សហភាពសូវៀត ប៉ុន្តែមានប្រជាជនភាគច្រើនជាជនជាតិអាមេនីនោះ បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ១៩៨៨ បន្ទាប់ពីតំបន់ស្វយ័ត ណាហ្កូរណូ-ការ៉ាបាហ៍ បានប្រកាសដកខ្លួនចេញពីសាធារណរដ្ឋសង្គមនិយមសូវៀតអាស៊ែបៃហ្សង់។ នៅក្នុងឆ្នាំ ១៩៩២-១៩៩៤ ភាពតានតឹងបានផ្ទុះឡើង ហើយមានការកើតឡើងនូវសកម្មភាពយោធាទ្រង់ទ្រាយធំដើម្បីត្រួតត្រាលើដែនដីព័ទ្ធជុំវិញនោះ និងដែនដីជាប់ៗគ្នាចំនួន ៧ បន្ទាប់ពីអាស៊ែបៃហ្សង់បាត់បង់ការគ្រប់គ្រងលើពួកគេ។ កិច្ចពិភាក្សាស្តីពីការតាំងទីលំនៅ ណាហ្កូរណូ – ការ៉ាបាហ៍ បាន នឹងកំពុងដំណើរការចាប់តាំងពីឆ្នាំ ១៩៩២ មក ក្រោមការគ្រប់គ្រងរបស់ OSCE Minsk ដែលដឹកនាំដោយសហប្រធានទាំងបីរបស់ខ្លួន គឺរុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)