កញ្ចប់ដំបូងនៃវ៉ាក់សាំង Sputnik V បានបញ្ជូនទៅបេឡារុស្សសម្រាប់ការសាកល្បង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានប្រកាសថា កញ្ចប់ដំបូងនៃវ៉ាក់សាំង Sputnik V ការពារមេរោគកូរ៉ូណាវីរុសត្រូវបានបញ្ជូនទៅកាន់ប្រទេសបេឡារុស្សសម្រាប់ការសាកល្បង។

មូលនិធិនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេសរុស្ស៊ី បានប្រកាសអំពីការផ្តល់វ៉ាក់សាំងដំបូងបង្អស់របស់រុស្ស៊ីប្រឆាំងនឹងជំងឺឆ្លងកូរ៉ូណាវីរុស Sputnik V ទៅកាន់សាធារណរដ្ឋបេឡារុស្ស»។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា ការចាក់វ៉ាក់សាំងដល់អ្នកស្ម័គ្រចិត្តនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ដែលជាផ្នែកមួយនៃការសាកល្បងប្រើប្រាស់វ៉ាក់សាំង Sputnik V ។

មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់រុស្ស៊ីកំពុងផ្តល់ហិរញ្ញប្បទាន ដល់ការសាកល្បងនេះសម្រាប់បេឡារុស្ស។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា «បេឡារុស្សបានក្លាយជាប្រទេសដំបូងបង្អស់ដែលចាប់ ផ្តើមការសាកល្បងវ៉ាក់សាំង Sputnik V បន្ទាប់ពីការចុះឈ្មោះវ៉ាក់សាំងនេះនៅក្នុងប្រទេសរុស្ស៊ី។ ការសាកល្បងនឹងត្រូវបានអនុវត្តន៍នៅក្នុងស្ថាប័នវេជ្ជសាស្ត្រចំនួន៨ ដែលត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលស្រាវ ជ្រាវនៅក្នុងប្រទេសបេឡារុស្ស»។

បណ្តាប្រទេសមួយចំនួនបាន នឹងកំពុងបង្កើតវ៉ាក់សាំងរាប់សិប ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺរាតត្បាតនេះកាលពីដើមឆ្នាំ ប៉ុន្តែរហូតមកដល់ពេលនេះគ្មានប្រទេសណាមួយបានឆ្លងកាត់ការសាកល្បងរបស់អង្គការសុខភាពពិភពលោកដំណាក់កាលទី៣ នៅឡើយទេ។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំង Sputnik V មានសុវត្ថិភាព ហើយបានបង្ហាញថា មានសមត្ថភាពក្នុងការបង្កើតភាពស៊ាំប្រឆាំងនឹងវីរុសនេះ។

វ៉ាក់សាំងមួយចំនួនផ្សេងទៀតត្រូវបានរំពឹងថា នឹងត្រូវបានចុះបញ្ជីជាមួយអង្គការសុខភាពពិភពលោកនៅដំណាច់ឆ្នាំនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)