សហភាពអឺរ៉ុបដាក់ទណ្ឌកម្មទៅលើបុគ្គលរុស្ស៊ីចំនួនពីរនាក់ និងក្រុមហ៊ុនចំនួនបួន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ប្រភពការទូតអឺរ៉ុបបានប្រាប់ភ្នាក់ងារសារព័ត៌មាន TASS ថា បណ្តាឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបបានព្រមព្រៀងបញ្ចូលបុគ្គលចំនួនពីរនាក់ និងក្រុមហ៊ុនចំនួនបួនទៅក្នុងបញ្ជីនៃការទណ្ឌកម្មប្រឆាំងទៅនឹងរុស្ស៊ី ដោយសារតែពួកគេបានចូលរួមក្នុងការសាងសង់ស្ពាន Crimean

ប្រភពដដែលបាននិយាយបន្ថែមថា «បណ្តាឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតទាំងនោះបានយល់ព្រមបន្ថែមបុគ្គលចំនួន ២នាក់ និងក្រុមហ៊ុនចំនួន ៤ ដែលបានចូលរួមក្នុងការសាងសង់ស្ពាន Crimean ទៅក្នុងបញ្ជីនៃវិធានការណ៍ដាក់ទណ្ឌកម្ម។ ក្រុមប្រឹក្សាអឺរ៉ុបនឹងធ្វើការសម្រេចជាផ្លូវការដោយផ្អែកលើនីតិវិធីជាលាយលក្ខណ៍អក្សរ»។

នីតិវិធីនៃការធ្វើសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ នៅថ្នាក់រដ្ឋមន្រ្តីត្រូវបានបង្កើតឡើងនៅក្នុងសហភាពអឺរ៉ុបបន្ទាប់ពីមានការយល់ព្រមទៅលើសេចក្តីសម្រេចនេះ ហើយក្នុងករណីដែលគ្មានការជំទាស់ណាមួយនៅក្នុងគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ (COREPER) ។ នីតិវិធីនេះ គឺជាបច្ចេកទេសមួយ ហើយមិនផ្តល់ការពិភាក្សាទេ។ ទណ្ឌកម្មនេះនឹងចូលជាធរមានបន្ទាប់ពីមានការយល់ព្រមពីក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប និងការបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិផ្លូវការនៃសហភាពអឺរ៉ុប៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)