កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េ លើកទី ១០ ធ្វើឡើងតាមប្រព័ន្ធអនឡាញ 

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៨ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung Wha បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េ លើកទី ១០។

កិច្ចប្រជុំនេះធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូ  ដែលបានធ្វើការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំនេះ នឹងបានពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមជាមួយបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនទៀត។

បណ្តារដ្ឋមន្រ្តីទាំងអស់បាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលតំបន់ទន្លេមេគង្គ – សាធារណរដ្ឋកូរ៉េ លើកទី១ នៅទីក្រុងប៊ូសាន កាលពីខែវិច្ឆិកាកន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យឈានដល់កម្រិតកំពូល។

ពួកគេក៏បានសង្កត់ធ្ងន់ទៅលើសមិទ្ធិផលសំខាន់ៗ ក្នុងការអនុវត្តន៍គម្រោងសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្ម ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹក។

អ្នកចូលរួមបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង រវាងប្រទេសជាសមាជិក ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្នើឱ្យបង្កើនភាពជាដៃគូក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម និងការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ បរិស្ថាន និងបញ្ហាប្រឈមផ្នែកសន្តិសុខមិនមែនជាប្រពៃណីផងដែរ។

ពួកគេបានអនុម័តផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២១-២០២៥ ដោយមានគោលដៅ និងវិធានការជាក់លាក់ដើម្បីអភិវឌ្ឍន៍ភាពជាដៃគូសម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព។

បញ្ហាក្នុងតំបន់ និងអន្តរជាតិទាក់ទងនឹងសមុទ្រខាងកើត ឧបទ្វីបកូរ៉េ គ្រោះរាំងស្ងួត និងឧក្រិដ្ឋកម្មឆ្លងដែន ក៏ត្រូវបានពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំនេះ ដោយគណៈប្រតិភូទាំងអស់បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)