សម្រស់ទឹកធ្លាក់ថ្មដាតូច កំពុងទទួលបានការ ចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៦-០៩-២០២០

MC ៖ រមណីយដ្ឋាន “ទឹកធ្លាក់ថ្មដាតូច” ឬហៅថា “ទឹកធ្លាក់ភ្នំ ១៥០០” ឋិតក្នុងទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់

ភ្ញៀវទេសចរជាតិ ដោយសារនៅតំបន់នេះ មានទេសភាពស្រស់ត្រកាល គ្របដណ្តប់ទៅដោយព្រៃព្រឹក្សាខៀវស្រងាត់ មានជ្រលងដងអូរ ភ្នំ ផ្ទាំងថ្ម ទឹកជ្រោះហូរជាដំណាក់ៗ ហើយការធ្វើដំណើរទៅកម្សាន្ត លើផ្លូវរលោងស្អាត មានផ្លូវបត់បែន ឡើងចុះបង្កភាពសប្បាយរីករាយជាខ្លំាង។

លោក ភឿន ភា ប្រជាពលរដ្ឋ ដែល

បានទៅលេងនៅតំបន់នោះ បានឱ្យដឹងថា រមណីយដ្ឋានថ្មដាតូចនេះ មានទេសភាព

ស្អាតប្លែក ពីរមណីយដ្ឋានដទៃទៀត មានទឹកជ្រោះហូរធ្លាក់ ជម្រាល ជាថ្នាក់ៗ ដូចកាំជណ្តើរ  ងាយ

ស្រួលងូតទឹកលេងកម្សាន្ត  ថែមទាំងមានខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យបាត់អស់ភាព

នឿយហត់ ក្រោយពីសម្រាកការងារ ។

លោក​បញ្ជាក់ថា​ « នៅរមណីយដ្ឋាននេះ មានទឹកធ្លាក់ស្អាត ជាងតំបន់ដែលខ្ញុំធ្លាប់បានទៅ

នៅពេលមកដល់គឺថា ប្លែកភ្នែក ប្លែកអារម្មណ៍ ដោយយើងបានមើលទេសភាពទឹកធ្លាក់តាមព្រៃភ្នំដ៏ស្រស់ស្អាត ដោយមានទឹកធ្លាក់ជាកាំៗ ងាយស្រួលក្នុងការលេងទឹក។ មិនតែប៉ុណ្ណោះនៅពេលធ្វើដំណើរតាមដងផ្លូវ ក៏បានឃើញផ្លូវ រាងក្រវិចក្រវៀនដូចអន្ទង់អាំង មានជម្រាលភ្នំខ្ពស់ៗ  ដែលពោរពេញទៅដោយព្រៃព្រឹក្សាខៀវស្រងាត់  ដ៏អស្ចារ្យមួយមិនដែលមាន ពីមុនមក»។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ  ភ្ញៀវដែលបានមកកម្សាន្តក្នុងតំបន់នេះមានប្រមាណ ចាប់ពី២០០០នាក់ឡើងទៅ ។ លោកបញ្ជាក់ថា  មន្ទីរទេសចរណ៍ក៏ដូចជាដៃគូពាក់ព័ន្ធ នឹងកែលម្អនៅតាមកន្លែងមួយចំនួនបន្ថែមទៀត ឱ្យកាន់តែមាន

ភាពងាយស្រួល ទៅដល់ភ្ញៀវទេសចរដែលបានមកកម្សាន្ត ដើម្បីធ្វើឱ្យពួកគាត់ មកម្តងហើយចង់ម្តងទៀត។

លោក​ បានបញ្ជាក់​ថា យើងបានអភិវឌ្ឍតំបន់នេះ ដោយមិនមានការកែច្នៃអ្វីឱ្យខុសអ្វីប្លែកពីធម្មជាតិនោះទេ ដោយយើងទុកជាលក្ខណៈធម្មជាតិ ហើយយើងក៏មានក្រុមហ៊ុនឯកជន គេវិនិយោគនៅតំបន់នេះ ដោយទីមួយយើងផ្ដោតទៅលើចំណតរថយន្ត អនាម័យ និងយើងអាចត្រួសត្រាយមួយចំនួនបានមិនឲ្យអ្វីខុសប្លែកពីធម្មជាតិ ធ្វើម៉េចឱ្យមានភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិចូលមកកម្សាន្ត »។

សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនេះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅចន្លោះជ្រលងភ្នំ១៥០០៕