គណៈកម្មការទន្លេមេគង្គ ផ្សព្វផ្សាយគោលការណ៍ណែនាំថ្មី គម្រោងទំនប់វារីអគ្គិសនី នៅតំបន់មេគង្គ ដើម្បីជួយបង្កើនផលចំណេញ និងកាត់បន្ថយហានិភ័យ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

គណៈកម្មការទន្លេមេគង្គ (MRC) បានចេញគោលការណ៍ណែនាំថ្មី ទាក់ទងនឹងគម្រោង​ទំនប់​វារី​អគ្គិសនីនៅតំបន់ទន្លេមេគង្គ ដើម្បីផ្សព្វផ្សាយដល់អ្នកអភិវឌ្ឍន៍គម្រោងទំនប់វារី​អគ្គិសនី ទីប្រឹក្សា​គម្រោង និងភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដទៃទៀត ដែលអាចទាញ​យក​អត្ថ​ប្រយោជន៍ពីគោលការណ៍បច្ចេកទេសថ្មី ដើម្បីជួយ​បង្កើនផលចំណេញ និងកាត់បន្ថយ​ផល​ប៉ះពាល់ផ្នែកសង្គម និងបរិស្ថានពីគម្រោង​ទំនប់វារីអគ្គិសនីពេញមួយវដ្តនៃគម្រោង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន នៃគណៈកម្មការទន្លេ​មេគង្គ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គោលការណ៍ណែនាំកាត់បន្ថយហានិ​ភ័យពី​គម្រោងទំនប់វារីអគ្គិសនីរបស់ MRC ដែលបានចេញផ្សាយនេះ មានរួមបញ្ចូលនូវ​សំណុំបច្ចេកទេសចំនួន៣ ផ្នែកផ្សេងគ្នា ដែលមានកម្រាស់ ៧៣៨ ទំព័រ។ ឯកសារនេះ ជួយដោះស្រាយនូវ​ហានិភ័យ​ជាច្រើន ដែលគេទទួលស្គាល់ថាបានកើតមានក្នុងអំឡុង​ពេល​អភិវឌ្ឍន៍​គម្រោង តាមរយៈ​ការវាយតម្លៃមួយលើសកម្មភាពសំខាន់ៗទាំង៥ ដែលក្នុង​នោះរួមមានជលសាស្ត្រទន្លេ និង​លំហូរនៅផ្នែកខាងក្រោមទន្លេ ភូមិសណ្ឋានវិទ្យា និង​កំណកកករ គុណភាពទឹក ជល​ផល អេកូឡូស៊ីក្នុងទឹក និងជីវសាស្ត្រចម្រុះ ធនធានធម្ម​ជាតិ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បាន​មានប្រសាសន៍ថា គោលបំណងនៃគោលការណ៍ទាំងនេះ គឺផ្តល់នូវសេចក្តីណែនាំ​ក្នុងការ​គ្រប់គ្រង និងកាត់បន្ថយហានិភ័យ សម្រាប់ការរៀបចំប្លង់សាង់សង់ និងប្រតិបត្តិការនៃ​ហេដ្ឋារចនាសម្ព័ន្ធគម្រោងទំនប់​វារីអគ្គិសនី ដើម្បីជាជំនួយដល់ការរៀបចំផែនការ និងការ​គ្រប់គ្រងអាងទន្លេទាំងមូល ក៏ដូចជាតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍគម្រោងផងដែរ។ លោកបណ្ឌិតបានបន្ដថា តាមគោលការណ៍ទាំងនេះ ក្នុងអំឡុងពេលរៀបចំផែនការ ការ​សិក្សាសមិទ្ធិលទ្ធភាពគម្រោង និងដំណើរការរៀបចំប្លង់សាងសង់ អ្នកអភិវឌ្ឍន៍គម្រោង​អាច​ចាត់វិធានការផ្សេងៗគ្នា ដើម្បីបង្កើនអត្ថប្រយោជន៍ និងជៀសវៀងផលប៉ះពាល់​អវិជ្ជ​មាននានា។ ជាមួយគ្នានេះ ការជ្រើសរើសទីតាំងសាងសង់គម្រោងដែលសាកសមបំផុត ការអនុវត្តវិសាលភាពគម្រោងជំនួស ដូចជាទំនប់ទឹកទាប និងការប្រើប្រាស់ប្រភពថាម​ពល​ជំនួសជាដើម។ លោកបណ្ឌិតបន្ដទៀតថា ក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ ដែលផលប៉ះពាល់មួយចំនួនមិនអាចកាត់បន្ថយបាន អ្នកអភិវឌ្ឍន៍គម្រោងក៏មានជម្រើស​ផ្សេង​ទៀតក្នុងការកាត់បន្ថយផលប៉ះពាល់។ ជម្រើសទាំងនេះ រួមមានការធ្វើឱ្យផលប៉ះ​ពាល់អវិជ្ជមានមានតុល្យភាពតួយ៉ាងដូចជា ការផ្តល់នូវទីជម្រកត្រីពងជំនួស ឬការរក្សា​ទុកផ្នែកណាមួយនៃទន្លេសម្រាប់ការផ្លាស់ទីរបស់មច្ឆា។

លោកបណ្ឌិតបានបន្ថែមថា “គោលការណ៍ថ្មីទាំងនេះ គឺជាការបំពេញបន្ថែម​ដ៏សំខាន់​មួយដល់សេចក្តីណែនាំសម្រាប់ប្លង់សាងសង់បឋម ​របស់MRC ដែលជា​សំណុំ លក្ខខណ្ឌជាក់លាក់មួយសម្រាប់ជាជំនួយដល់ការរៀបចំប្លង់សាងសង់”។ ទន្ទឹមនេះ ស្រប ពេលដែលអ្នកអភិវឌ្ឍន៍គម្រោងទំនប់ប្រើប្រាស់ឯកសារPDGនេះ សម្រាប់​រៀបចំគម្រោង MRC ប្រើប្រាស់វាជាឯកសារយោងពេលធ្វើការត្រួតពិនិត្យការអនុ​លោម​តាមបច្ចេកទេស សម្រាប់គម្រោងទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គដែលបានស្នើ ក្នុង​អំឡុងពេលនៃ​ដំណើរការប្រឹក្សាយោបល់ជាមុនរយៈពេល ៦ ខែ។ លោកបណ្ឌិតបានលើកឡើងថា កិច្ច​សហប្រតិបត្តិការនៅទូទាំងតំបន់លើ​ការ​រៀបចំផែនការគម្រោងទំនប់វារី​អគ្គិសនី និងកិច្ច​ខិត​ខំប្រឹងប្រែងក្នុងការកាត់បន្ថយ​ហានិភ័យ គឺមានសារៈសំខាន់ណាស់ ដើម្បីការពារផល​ប៉ះ​ពាល់ដែលមានទ្រង់ទ្រាយធំ។

សូមបញ្ជាក់ថា ក្នុងទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍយ៉ាងខ្លាំងលើគម្រោងទំនប់​វារី​អគ្គិសនី បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងសន្ធឹកសន្ធាប់ដល់ប្រទេសតាមដង​ទន្លេ​មេគង្គ។ សម្រាប់អត្ថប្រយោជន៍នេះ ត្រូវបានគេសង្កេតឃើញថាគឺជាការទទួលបាន​ពីការ​ដោះដូរជាមួយ​នឹង​វិស័យសំខាន់ៗ ដូចជាសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ គម្រោងនេះ បង្កើតឡើង​ក្រោម​គំនិតផ្តួចផ្តើមនៃ​អតីតគម្រោងទំនប់វារីអគ្គិសនីប្រកបដោយចីរភាព (ហៅ​កាត់​ថា​ISH)​របស់MRC គោល​ការណ៍ណែនាំទាំងនេះបានឆ្លងកាត់ការប្រឹក្សាយោបល់​នៅកម្រិត​ថ្នាក់ជាតិ និងថ្នាក់តំបន់​ជាច្រើនជុំ ជាមួយនឹងអ្នកអភិវឌ្ឍន៍គម្រោង ភាគីពាក់​ព័ន្ធនានា និងប្រទេសជាសមាជិក​របស់ MRC រួមមានប្រទេសកម្ពុជា ឡាវ ថៃ និង​វៀតណាម។

លោកបណ្ឌិត អាន ពេជ្រហត្ថដា បានគូសបញ្ជាក់ថា “ការកាត់បន្ថយហានិភ័យ​នៅ​កម្រិតអាងទន្លេ ទាមទារឱ្យមានផែនការជាប្រព័ន្ធរួមគ្នានៅកម្រិតតំបន់ ឬអាងទន្លេ ក៏ដូច​ជា​កិច្ចសហប្រតិ បត្តិការជាបន្តបន្ទាប់ រវាងប្រទេសជាសមាជិក និងដៃគូសន្ទនាដទៃទៀត។ កិច្ចសហប្រតិ​បត្តិការនេះ មានសារៈសំខាន់ស្មើនឹងប្រតិបត្តិការបែបសម្របសម្រួលនៃ​បណ្តាញទំនប់​និង​ជម្រើសចែករំលែកអត្ថប្រយោជន៍ផ្សេងៗទៀត”៕

ដោយ រិទ្ធី