ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្រោយពេលស្ពានឆ្លងកាត់ ទន្លេសាងសង់រួច

វិទ្យុជាតិកម្ពុជា​៖

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានរំពឹងទុកថា ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត ក្រោយពេលស្ពានឆ្លងកាត់ទន្លេសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រួច ។
ក្នុងពិធីបើកការដ្ឋានសាងសង់ ចាក់បេតុង និង
រៀបចំសួនច្បារ ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ការសាងសង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងស្រុកស្ទឹងត្រង់ មកដល់បច្ចុប្បន្ននេះ ការសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ។ ស្ពានមួយខ្សែឆ្លងកាត់ទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ។ ម្យ៉ាងទៀតដោយសារភូមិសាស្ត្រ
ស្រុកស្ទឹងត្រង់ មានសក្តានុពលផ្នែកវិស័យកសិកម្ម លើដំណាំដាំដុះផ្សេងៗដូចជាដំណាំចេក និងដំណាំទុ រេនជាដើម អាចប្រែក្លាយតំបន់នេះ ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលអនាគត ទាំងកសិកម្ម និងកសិទេសចរណ៍ផងដែរ ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានរំឭកផងដែរថា នៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែក ស្រុកស្ទឹងត្រង់នេះកន្លងមក នៅរដូវប្រាំងគឺមានដីហុយ និងរដូវវស្សាដីស្អិតជាប់ជើង ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងស្នាក់នៅព្យាបាលជំងឺក្នុងមន្ទីរពេទ្យនេះ ។ ដោយឃើញស្ថានភាពដូច្នេះ ទើបរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការពិភាក្សាជាមួយនឹងសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ រហូតមានការឯកភាពធ្វើការសាងសង់ចាក់ជាបេតុង និងរៀបចំសួនច្បារក្នុងបរិវេណមន្ទីរពេទ្យនាពេលនេះ ។
ឯកឧត្តមអភិបាលខេត្ត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលតែងតែបានសហការជាមួយអាជ្ញាធរខេត្ត និងជួយអភិវឌ្ឍលើផ្នែកផ្សេងៗនៅក្នុងខេត្តកំពង់ចាមនាពេលកន្លងមក ជាពិសេសការជួយសាងសង់ចាក់បេតុង និងរៀបចំសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់នាពេលនេះ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ៕