កម្ពុជាស្នើជប៉ុនជួយសិក្សាលទ្ធភាពជំរុញចលនាទេសចរក្នុងកញ្ចប់ទស្សនកិច្ចពិសេសទ្វេភាគី

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨-០៩-២០២០


MC: រាជរដ្ឋាភិបាលកម្ពុជា ស្នើភាគីជប៉ុនជួយសិក្សាលទ្ធភាពជំរុញចលនាទេសចរក្នុងកញ្ចប់ទស្សនកិច្ចពិសេសជាលក្ខណៈទ្វេភាគី សំដៅស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងអំឡុងពេល និងក្រោយពេលវិបត្តិជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការបង្កើតកញ្ចប់ទស្សនកិច្ចពិសេសបែបនេះ នឹងជួយឱ្យការដោះដូរ ទេសចរទ្វេភាគី មានការរីកចម្រើនឡើង និងធានាបាន
នូវទំនុកចិត្តដល់ភ្ញៀវទេសចរ មិនថាភ្ញៀវក្នុងស្រុក ឬភ្ញៀវអន្តរជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការ
ដាក់ឱ្យដំណើរការអាហារដ្ឋានជប៉ុនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ នាចុងសប្តាហ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ពិសេសផ្នែកទេសចរណ៍ ដែលមានដូចជា វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប ជាដើម។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងសិក្សាលទ្ធភាពស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុងអំឡុងពេល និងក្រោយពេលវិបត្តិជំងឺឆ្លងកូវីដ១៩ ដើម្បីអាចចាប់យកនូវចំនួនភ្ញៀវទេសចរអន្តរជាតិ៧លាននាក់មកវិញ នៅក្នុងរយៈពេល៥ឆ្នាំ ខាងមុខ។
ឯកឧត្ដម​ បញ្ជាក់​ថា​ «ជាមួយវិធានសុខសុវត្ថិភាពទេសចរ និងបរិយាកាសល្អក្នុងសហគមន៍ ខណៈដែលយើងខ្ញុំបានខិតខំយ៉ាងសកម្ម ជំរុញ ចលនាទេសចរក្នុងស្រុកបានល្អប្រសើរ ក្រសួងទេសចរណ៍បាននិងកំពុងខិតខំប្រឹងប្រែងសិក្សាលទ្ធភាពនៃការដាក់ចេញចលនា Travel Bubbles ឬ Close-looped Chartered Planes ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមសំណូមពរដល់មិត្តជប៉ុន ពិសេសស្ថានទូតជប៉ុនប្រចាំកម្ពុជា មេត្តាជួយសិក្សានិងជម្រុញចលនាធ្វើដំណើរបែប Travel Bubbles រវាង កម្ពុជា-ជប៉ុន នាពេលអនាគត»។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សន្យាបង្កើនកិច្ចសហប្រតិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយក ការវិនិយោគពីប្រទេសជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត ពិសេសផ្នែកទេសចរណ៍ សេវាកម្មម្ហូបអាហារ ដែលអាចទាក់ទាញបានទាំងភ្ញៀវ ទេសចរជប៉ុន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដទៃទៀត ។ ឯកឧត្តម បានឱ្យដឹងថា ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ អាជីវកម្មផ្នែក អាហារដ្ឋានជប៉ុនជាង៣០០កន្លែងនៅក្នុងរាជធានីភ្នំពេញ នៅតែបន្តដំណើរការដោយគ្មានការបិទ ឬផ្អាកនោះឡើយ។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា កាលពីឆ្នាំ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ ដោយឈរនៅលេខរៀងទី៧ ក្នុងចំណោមទេសចរអន្តរជាតិ ដែល
បានមកដល់កម្ពុជាជាង៦លាន៦សែននាក់៕