សត្វប្រវឹកប្រមាណ៤០០ក្បាលត្រូវបាន ប្រលែងក្នុងតំបន់អភិរក្សបឹងឈូក ក្នុងស្រុកបន្ទាយស្រី

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប


MC.សត្វប្រវឹកចំនួនប្រមាណ៤០០ក្បាល ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី យកទៅប្រលែង ចូលក្នុងព្រៃសហគមន៍ធម្មជាតិបឹងឈូក ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។
ក្នុងពិធីប្រលែងសត្វប្រវឹកកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ការលែងសត្វប្រវឹកនៅតំបន់នេះ ជាការជួយអភិរក្សសត្វព្រៃនានា និងអាចបង្កើននៅភាពទាក់ទាញភ្ញៀវទេសចរនៅថ្ងៃអនាគត។ សត្វប្រវឹកចំនួនប្រមាណ៤០០ក្បាលនេះ ត្រូវបានសមត្ថកិច្ចជំនាញ ស្ទាក់ចាប់បាននៅក្នុងស្រុកប្រាសាទបាគងនឹងត្រូវខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សម្រេចយកមកប្រលែងក្នុងសហគមន៍ទេសចរណ៍បឹងឈូកនេះ ព្រោះមានអ្នកនៅមើលវាត្រឹមត្រូវ ។
សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប សហគមន៍នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ មានផ្ទៃដីប្រមាណ១៦៧ហិកតា ដោយមានរៀបជាខ្យូសបណ្តែតទឹក ប្រកបដោយខ្យល់អាកាស
បរិសុទ្ធ ការជិះទូកកម្សាន្តដើម្បីទស្សនាព្រៃកោងកាង និងជីវៈចម្រុះច្រើនប្រភេទដែលអាស្រ័យនៅ ដោយបច្ចុប្បន្នទីនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕