ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២១ខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០៩ ២០២០


MC៖ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នាំ២០២៣ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ពេលនេះដំណើរការសាងសង់បានជាង៧០ភាគរយហើយ បើទោះបីពិភពលោកកំពុងជួប វិបត្តិកូវីដ-១៩ធ្វើឱ្យពិបាកដឹកសម្ភារខ្លះៗក្តី។
ឯកឧត្តម​ បាន​បញ្ជាក់​ថា​ «នៅតាមគម្រោងគឺចប់ឆ្នាំ២០២០ តែដោយការដឹកជញ្ជូនមានការរអាក់រអួល អ៊ីចឹងឥលូវនេះយើងឃើញថា អាចបញ្ចប់នៅខែ មេសាឆ្នាំ២០២១ ដោយនៅសេសសល់មួយចំនួនដែលយើងត្រូវបំពាក់ និងត្រូវតុបតែង ដែលយើងអាចវាយតម្លៃចូលដល់ ៧០ ទៅ ៨០ភាគរយហើយដែលបានសម្រេច » ។
ឯកឧត្តមបន្តថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារ
ស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ។
ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែង
ស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម ,សាលបាល់បោះ ,សាល
បាល់ទះ ,សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សាងសង់ នៅលើផ្ទៃដីជាង៨៥ហិកតា ហើយបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ៕