ធនាគារកណ្តាលឱ្យដឹងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨-០៩-២០២០

MC:  ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់ នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ ព្រមទាំងអាចគាំទ្រដល់កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ថ្លែងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ប្រាក់រៀលជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ 

ឯកឧត្តម ទេសាភិបាល មានប្រសាសន៍ថា «ក្រោមសេដ្ឋកិច្ចទីផ្សារ និងប្រព័ន្ធធនាគារពីរថ្នាក់ ប្រាក់រៀលបានចរាចរជាមួយនឹងប្រាក់ ដុល្លារអាមេរិកនៅក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងដំណាក់កាលដំបូង ប្រាក់ដុល្លារអាមេរិកបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការ ជំរុញការវិនិយោគបរទេស វិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ក៏ប៉ុន្តែ ក្នុងស្ថានភាពបច្ចុប្បន្ន ពេលដែលទំហំសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់តែកើនឡើងឥតឈប់ឈរ និងមានសមាហរណកម្មក្នុងតំបន់ខ្ពស់ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបានកំហិត លទ្ធភាពធនាគារកណ្តាល ក្នុងការអនុវត្តពេញលេញនូវគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រកំណើននិងទប់ទល់នឹងវិបត្តិ»។  ឯកឧត្តម បានស្នើដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនសហគ្រាស ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់ តែទូលំទូលាយ សំដៅគាំទ្រដល់ចីរភាពកំណើនសេដ្ឋកិច្ច ការបង្កើនចំណូលរបស់ប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។ 

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារឯកជនកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ទាមទារនូវកម្លាំងធំៗចំនួន៣ មានដូចជា ច្បាប់របស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ជាតិ ដើម្បីឱ្យសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងការគ្រប់គ្រងអតិផរណាឱ្យ បានល្អ។

តាមការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានបង្ហាញថា ប្រាក់រៀលកម្ពុជា ត្រូវបានប្រើប្រាស់ភាគច្រើនក្នុងការចំណាយប្រចាំថ្ងៃ ជាពិសេស នៅតាមតំបន់ជនបទ ហើយប្រាក់បញ្ញើជារៀលក្នុងប្រព័ន្ធធនាគារ ក៏មានការកើនឡើងជាលំដាប់ ដែលនេះនឹងជួយកាត់បន្ថយដុល្លារូបនីយកម្មនៅកម្ពុជានាពេលអនាគត។

ដូចគ្នានេះ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា រយៈពេល២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងជាមធ្យមប្រមាណ១៦ភាគរយ ក្នុងមួយឆ្នាំៗ ហើយកំណើននៃតម្រូវការនេះ ត្រូវបានគាំទ្រជាចម្បងដោយកំណើន ជំនឿទុកចិត្តរបស់សាធារណជន ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា៕