មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលចាត់ទុកថា ការបង្កើតសមាគមមិត្តភាពប្រជាជនចិននៅកម្ពុជាបានបង្ហាញពីទំនាក់ទំនងល្អនៃប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជាកម្ពុជា៖ លោកចេម ហួត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានលើកឡើងថា ការបង្កើតសមាគមមិត្តភាពប្រជាជនចិនបានបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជានិងចិន កាន់តែល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។
ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា និងអបអរសាទរក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិតមានប្រសាសន៍ថា តាមរយៈសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជាដែលបាន សម្ពោធជាផ្លូវការនាពេលនេះបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ សាធារណរដ្ឋប្រជាមានិតចិន និងជួយសម្របសម្រួលដល់វិនិយោគិន ដែលមានបំណងវិនិយោគនៅកម្ពុជា។
លោកជំទាវក៏បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា ដែលមានជំនឿ ទុកចិត្តលើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ការងារសង្គម និងបានពង្រឹង សហគមនពាណិជ្ជកម្ម ទំនាក់ទំនងសិល្បៈ វប្បធម៌ បច្ចេកវិទ្យា និងវេជ្ជសាស្ត្រ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីក ចម្រើនបន្ថែមទៀត។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានចូលរួមអបអរខួបលើកទី៧១ នៃពិធីបុណ្យឯករាជ្យនៃសាធារណៈរដ្ឋប្រជាមានិតចិន និងបានលើកឡើងអំពីទំនាក់ទំនងរវាងចិន និងកម្ពុជា ថាមានរយៈពេលជាង ៦០ឆ្នាំមកហើយ ព្រមទាំងមានប្រពៃណី និងវប្បធម៌ប្រហាក់ ប្រហែលគ្នា ដែលរហូតដល់បច្ចុប្បន្ន ប្រជាជនទាំងពីរមានសមានចិត្តស្រឡាញ់គ្នា ដូចបងប្អូន និងជួយគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិត តំបន់និងអន្តរជាតិ ៕