រដ្ឋមន្ត្រីការបរទេសចិនទំនងជានឹងជួបជាមួយលោកស៊ូហ្កានៅទីក្រុងតូក្យូនៅក្នុងខែតុលា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០​  — ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា អាជ្ញាធរចិននឹងជប៉ុនកំពុងធ្វើការងារទៅលើលទ្ធភាពរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនៅក្នុងខែតុលាខាងមុខ។

NHK បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននោះ លោក វ៉ាង យី អាចជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន គឺលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ក៏ដូចជារដ្ឋមន្រ្តីក្រសួងការបរទេសជាប៉ុន លោក តូស៊ីមីស៊ុ ម៉ូតេជី ផងដែរ។

កាលពីថ្ងៃសុក្រ លោក ស៊ូហ្កា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិន-ពីង។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធថែមទៀត។ យោងតាមនាយករដ្ឋមន្រ្តីជប៉ុនបានឱ្យដឹងថា លោក ស៊ី បានបង្ហាញនូវបំណងចង់អភិវឌ្ឍន៍នូវទំនាក់ទំនងឱ្យមានភាពប្រសើរឡើងជាមួយប្រទេសជប៉ុន។ លោក ស៊ូហ្កា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃទំនាក់ទំនងដែលមានស្ថិរភាពរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។

កាលពីសប្តាហ៍មុន សមាជិកសភាជប៉ុនបានបោះឆ្នោតជ្រើសរើសលោក ស៊ូហ្កា ដែលជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរីរបស់ប្រទេសជប៉ុនឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីអតីតប្រធានគណៈរដ្ឋមន្ត្រី លោក ស៊ីនហ្សូ អាបេ បានលាឈប់ពីតំណែងនេះដោយសារបញ្ហាសុខភាព៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)