ក្រសួងកសិកម្ម ត្រៀមបន្តចែកគ្រាប់ពូជស្រូវ ដល់ប្រជាកសិករដែលជួបគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៦.៩.២០២០

MC៖ ក្រសួងកសិកម្មគ្រោងចែកគ្រាប់ពូជស្រូវដល់ប្រជាកសិករ ដែលជួបគ្រោះមហន្តរាយផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីយកទៅដាំដុះ ស្ដារលទ្ធភាពបង្កបង្កើនផលដែលបានខូចខាតដោយគ្រោះរាំងស្ងួតទឹកជំនន់ និងជំនន់ទឹកភ្លៀងជាដើម ។

លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រសួងបានតៀមពូជស្រូវសុទ្ធ ដែលមានគុណភាពខ្ពស់ និងឧបករណ៍សម្ភារកសិកម្មមួយចំនួន សម្រាប់ផ្តល់ជូនប្រជាកសិករ ដែលជួបគ្រោះមហន្តរាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ស្បៀងជូនកសិករ ឲ្យបានគ្រប់គ្រាន់ ។

លោក​បញ្ជាក់ថា​«ក្រសួងកសិកម្មយើងមានបម្រុងតាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា យើងមានចំនួន២ពាន់តោនសម្រាប់ដំណាំស្រូវ ចំណែកបន្លែរួមផ្សំ ចំនួន២៥ តោន ។ប៉ុន្តែគ្រាប់ពូជទាំងនេះយើងអាចប្រើប្រាស់បានក្នុងករណីជួបគ្រោះមហន្តរាយនានា ដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតដែលខូច យើងត្រូវស្ដារឡើងវិញក្រសួងបានត្រៀមរួចហើយ។ ប្រសិនបើមានការស្នើសុំតាមរយៈខេត្ត គណៈគ្រប់គ្រងគ្រោះមហន្តរាយខេត្តមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ខាងអគ្គកសិកម្មនិងបញ្ចេញគ្រាប់ពូជទាំងអស់នោះ។ គេនឹងចុះទៅវាយតម្លៃ តើវាមានការខ្វះខាតយ៉ាងម៉េច បញ្ហាជួបគ្រោះខ្លាំង យ៉ាងណា យើងមានការត្រៀមក្នុងគ្រាអាសន្ន »។

សូមបញ្ជាក់ថា ឆ្នាំ២០១៩ ដោយសារបញ្ហារាំងស្ងួតនិងទឹកជំនន់ទន្លេមេគង្គ រាជរដ្ឋាភិបាលបានបញ្ចេញគ្រាប់ពូជស្រូវ ដើម្បីដាំដុះ ស្តារឡើងវិញ លើផ្ទៃដីដែលបានខូចខាតអស់ចំនួន ១.១៥១.៨៥០គីឡូក្រាម ។ ក្នុងឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានបញ្ចេញ គ្រាប់ពូជស្រូវស្តារឡើងវិញអស់ ១៧៧.១០០គីឡូក្រាមដល់កសិករដែលជួបគ្រោះរាំងស្ងួត នៅខេត្តត្បូងឃ្មុំ. ព្រៃវែង ព្រះវិហារ. តាកែវ. កំពង់ចាម និង ខេត្តស្ទឹងត្រែង ៕​