ដំណាំផ្សិតសរីរាង្គ ដែលដាំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទទួលបានផលច្រើន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥,០៩,២០២០


Mc ៖ ដំណាំផ្សិតសរីរាង្គ ដែលដាំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ទទួលបានផលច្រើន និងមានសុវត្ថិភាពដល់អ្នកបរិភោគ ដោយសារមានការគ្រប់គ្រងពីប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការសម្លាប់មេរោគបានយ៉ាងត្រឹមត្រូវ ។
លោក ស៊ីម សុផល្លា កសិករដាំផ្សិតអំបោះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា ដំណាំផ្សិតសរីរាង្គនេះ មានលក្ខណៈស្រដៀងនឹងផ្សិតដែលកសិករដាំទូទៅដែរ ប៉ុន្តែត្រូវបានជ្រើសរើសនូវពូជថ្មីម្យ៉ាង គឺជាផ្សិតអំបោះពូជអយស្ទ័រ មានពណ៌សនិងពណ៌ក្រម៉ៅ ដែលដាំនៅក្នុងរោង មានបំពាក់នូវប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវតាមស្តង់ដារថ្មីទំនើប ។
លោកបានបន្តថា វិធីសាស្រ្តក្នុងការដាំផ្សិតនេះ ជំហានទី១ ជ្រើសរើសយកចំបើងទៅចំហុយរួចសម្ងួត, ជំហានទី២ វេចខ្ចប់ដាក់ក្នុងធុង ជាមួយពូជមេផ្សិត រួចយកទៅបន្ទំ ដែលគ្រប់គ្រងក្នុងបរិស្ថានស្អាតបំផុត និងជំហានចុងក្រោយ គឺយកទៅរៀបបញ្ចូលនៅក្នុងរោង ដែលមានរៀបចំដោយម៉ាស៊ីនត្រជាក់ ប្រពន្ធ័គ្រប់គ្រងស្វ័យប្រវត្តិ ប្រព័ន្ធទឹក និងប្រពន្ធ័សម្លាប់មេរោគ ។
លោក​បញ្ជាក់ថា​ ៖ យើងជ្រើសរើសយកការដាំដុះបែបនេះនៅក្នុងបរិស្ថាន ដែលមានការគ្រប់គ្រងដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធមីស ដោយប្រព័ន្ធអូហ្សូនសម្លាប់មេរោគ គោលដៅរបស់យើងទីមួយ គឺចង់ឱ្យផ្សិតនេះមានគុណភាព និយាយរួមទៅផ្សិតនេះមានទាំង សម្រស់និងគុណភាព ហើយជាផ្សិតសុខភាពដោយមិនមានប្រើសារធាតុគីមីផ្សេងៗ ដែលយើងដាំបានទៅតាមបច្ចេកទេសថ្មីទំនើប ។
សូមបញ្ជាក់ថា រោងបណ្តុះផ្សិតនេះ មានចំនួន២០០ធុង ដែលក្នុង១ធុងអាចប្រមូលផលបានប្រមាណ២២គីឡូក្រាម ហើយដាំម្តង អាចប្រមូលផលបានក្នុងរយះពេល៣ខែ ទើបដាំជាថ្មីទៀត ៕