អ្នកជួសជុលប្រាសាទភ្នំបាខែងមានមោទនភាពចំពោះការងារអភិរក្សប្រាង្គប្រាសាទ

វិទ្យុជាតិកម្ពុជា៖  លោកចេម ហួត

សៀមរាប៖ លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទបានចូលបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ បានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងការជួសជុលប្រាសាទភ្នំបាខែងឱ្យរួចផុតពីគ្រោះថ្នាក់។

លោកធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង  ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរញើសជោកខ្លួនជាមួយបរទេសដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ 

លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងថា WMF មានការិយាល័យនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងបច្ចុប្បន្ននៅភ្នំបាខែង។ អង្គការនេះមិនរកប្រាក់ចំណេញធ្វើការផ្តោតលើការអភិរក្សសមិទ្ធផលស្ថាបត្យកម្មពិភពលោក តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ដែលនៅជុំវិញបុរាណដ្ឋាន ដែលនឹងក្លាយជាអ្នក ជំនាន់ថ្មីបន្តថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ដោយខ្លួនឯងនាអនាគតប្រកបដោយជំនាញវិជ្ជាជីវៈតាមស្តង់ដារ។

លោកស្រីបានសម្តែងការរីករាយដែលបានឃើញការខិតខំរបស់ពួកគេនៅក្នុងរឿងកិច្ចការអភិរក្ស តាមរយៈគំនិតផ្តួចផ្តើមនិងការប្រាស្រ័យទាក់ទងផ្សេងៗ។  ក្រុមការងារអន្តរជាតិទាំងអស់ដែលធ្វើការនៅតំបន់អង្គរនិងអាជ្ញាធរជាតិអប្សរាក៏កំពុងធ្វើការជាមួយគោលដៅរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជា តាមរយៈការថែរក្សាមរតករបស់ខ្លួន តាមរយៈការផ្តល់ជំនាញថ្មីៗ និងឱកាសការងារមានស្ថេរភាព ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព ទំនុកចិត្ត និងការយល់ដឹងអំពីខ្លួនឯង នៅក្នុងប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាម។

ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ៕