រដ្ឋមន្ត្រី ការបរទេស ជំរុញឱ្យកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រលប់មកពីបេសកកម្មនៅប្រទេសម៉ាលី អនុវត្តន៍ចត្តាឡីស័ក ត្រឹមត្រូវតាមក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា​៖


MC៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិកា អន្តរជាតិ បានជំរុញឱ្យ កងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រលប់មកពីបេសកកម្មនៅប្រទេសម៉ាលី អនុវត្តន៍ចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាម ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ និង ទប់ស្កាត់ជំងឺ កូវីដ ១៩។
នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងគណៈប្រតិភូ បានអញ្ជើញទៅជួបសំណេះសំណាលជាមួយនាយទាហាន-ពលទាហាននៃកងកម្លាំង មួកខៀវកម្ពុជា ដែលទើបត្រលប់មកពីបេសកកម្មនៅប្រទេសម៉ាលី ហើយដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាល កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលក្លាហាន អង់អាច ម៉ឺងម៉ាត់និងមានវិជ្ជាជីវៈ ច្បាស់លាស់ បំពេញបេសកកម្មបានទទួលជោគជ័យ និងទទួលបានការកោតសរសើរថាមានវិន័យ និងសីលធម៌ខ្ពស់ពីស្ថាប័នអន្តរជាតិ ដែលទាំងអស់នេះ បានជួយលើកកម្ពស់កិត្យានុភាព របស់កម្ពុជាបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើការសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកងកម្លាំងទាំងអស់ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន មន្រ្តីសុខាភិបាល និងមន្រ្តីជំនាញរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបាន យកចិត្តទុកដាក់ធានាសុវត្ថិភាព និងផ្តល់ការទំនុកបម្រុងគ្រប់គ្រាន់ក្នុងអំឡុងពេលអនុវត្តវិធានចត្តាឡីស័កនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អោយថែរក្សាសុខភាពអោយបានល្អ ជាពិសេសបន្តអនុវត្តគោលកាណ៍ រក្សាអនាម័យនិងការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល និងជឿជាក់លើវិធានការមុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកគ្រឿងបរិភោគផ្តល់ជូន ដល់កងកម្លាំងទាំងអស់ផងដែរ។
បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញបន្តដំណើរលើកំណាត់ផ្លូវជាតិលេខ៥១ ដើម្បីទៅពិនិត្យការរៀបចំ រូបចម្លាក់ចំនួន៦ នៃសមិទ្ធផលវិស័យរក្សាសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយសម្តេច តេជោនាយករដ្ឋមន្រ្តី។ គួររំលឹកផងដែរថា រូបចម្លាក់ទាំង៦នេះ មានរចនាបថ និងអត្ថន័យខ្លឹមសារពាក់ព័ន្ធនឹងវិស័យរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីននៅកម្ពុជា៕​