ប្រទេសសិង្ហបុរីបន្ធូរបន្ថយការរឹតត្បិតដោយសារមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Gan Kim Yong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ច្បាប់នៃគម្លាតសុវត្ថិភាពនឹងត្រូវបានបន្ធូរបន្ថយ ហើយសកម្មភាពជាច្រើនទៀតត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងប្រទេសសិង្ហបុរីនាប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅតែមានកម្រិតទាប។

និយោជិតជាច្រើននឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកន្លែងធ្វើការវិញចាប់ពីថ្ងៃទី២៨ ខែកញ្ញា បើទោះបីជាវិធានការណ៍គ្រប់គ្រងសុវត្ថិភាពត្រូវមាននៅកន្លែងធ្វើការ ហើយនិយោជកត្រូវបានលើកទឹកចិត្តឱ្យអនុវត្តនូវវិធានការណ៍ដូចជា ម៉ោងធ្វើការដែលអាចបត់បែនបាន និងពេលវេលារាយការណ៍។

និយោជកត្រូវតែធានាថា និយោជិតដែលនៅតែបន្តធ្វើការងារពីផ្ទះ ត្រូវធ្វើការយ៉ាងតិចស្មើនឹងពាក់ កណ្តាលម៉ោងធ្វើការរបស់ពួកគេ ហើយមិនត្រូវមាននិយោជិតច្រើនជាងពាក់កណ្តាលត្រូវធ្វើការនៅកន្លែងការងារគ្រប់ពេលនោះឡើយ។

ព្រឹត្តិការណ៍នានានៅក្នុងកន្លែងធ្វើការដូចជាសិក្ខាសាលា និងការប្រជុំទូទៅប្រចាំឆ្នាំ ក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើឡើងវិញផងដែរ ដរាបណាវិធានការគម្លាតសុវត្ថិភាពត្រូវបានអនុវត្តនៅកន្លែងធ្វើការងារនោះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នានាដែលទាក់ទងនឹងការងារនៅកន្លែងខាងក្រៅនៅតែត្រូវបានហាមឃាត់សម្រាប់បច្ចុប្បន្ននេះ។

លោក Gan បាននិយាយថា ចាប់ពីថ្ងៃទី៣ ខែតុលា ការទទួលភ្ញៀវអាពាហ៍ពិពាហ៍ នឹងត្រូវបានអនុញ្ញាតឱ្យមានអ្នកចូលរួមរហូតដល់ទៅ ១០០នាក់ ដែលរាប់បញ្ចូលទាំងប្តី ប្រពន្ធ និងគ្រួសាររបស់ពួកគេ។

ដើម្បីធានាបាននូវវិធានការគម្លាតសុវត្ថិភាព អ្នកចូលរួមត្រូវតែបែងចែកជាតំបន់ដែលមិនត្រូវមានអ្នកចូលរួមលើសពី ៥០នាក់ទេក្នុងតំបន់នីមួយៗ ឬត្រូវបំបែកក្រុមតាមពេលវេលាដែលមិនត្រូវមានអ្នកចូលរួមលើសពី ៥០នាក់ទេក្នុងមួយពេលៗ។

យោងតាមលោករដ្ឋមន្រ្តីបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៣ ខែតុលា អង្គការសាសនាទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចបម្រើព្រះ និងការថ្វាយបង្គំព្រះផ្សេងៗ ដែលមានអ្នកចូលរួមមិនឱ្យលើសពី ១០០នាក់ទេ ដោយអនុលោមតាមវិធានការគម្លាតសុវត្ថិភាព និងគ្រប់គ្រងសុវត្ថិភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)