ប្រធានកងកម្លាំងការពារជាតិអាស៊ានចូលរួមកិច្ចប្រជុំលើកទី ១៧ តាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៤ ខែកញ្ញា កិច្ចប្រជុំនៃបណ្តាប្រធានកងកម្លាំងការពារជាតិអាស៊ានលើកទី១៧ (ACDFM-17) ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធើណេតដោយក្រសួងការពារជាតិវៀតណាម ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការយោធាសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតប»។

លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានធ្វើជាអធិបតីក្នុងពិធីនោះដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃកងកម្លាំងការពារជាតិនៃប្រទេសជាសមាជិកអាស៊ាន ប្រធានគណៈប្រតិភូនៃកិច្ចប្រជុំស៊ើបការណ៍យោធាអាស៊ានលើកទី ១៧ (AMIM-17) និងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី ១០ (AMOM-10) រួមជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរដ្ឋទូតការពារជាតិនៃរដ្ឋជាសមាជិក។

អ្នកចូលរួមកិច្ចប្រជុំនេះបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ចំពេលដែលមានជំងឺកូវីដ-១៩ ក្នុងការអនុវត្តនូវកត្តាអាទិភាព និងគំនិតផ្តួចផ្តើមនានាក្នុងនាមប្រធានអាស៊ាននៅក្នុងឆ្នាំនេះ រួមមានការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំការពារជាតិ-យោធារបស់ប្លុក ការដាក់សំណើរទាន់ពេលវេលា និងការសម្រេចបាននូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត និងអនុវត្តសកម្មភាពនានាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិ និងយោធាអាស៊ាន។

ដោយទទួលស្គាល់នូវលទ្ធផលនៃកិច្ចប្រជុំ AMIM-17 និងកិច្ចប្រជុំ AMOM-10 សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំនេះ បណ្តាអ្នកចូលរួមបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេសជាសមាជិកកងទ័ពអាស៊ាន ដែលបានអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមការងារនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកក្រុមអ្នកជំនាញ។

យោងតាមបណ្តាមន្រ្តីមួយចំនួនបានឱ្យដឹងថា កិច្ចការទាំងនេះបានជួយបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នា ព្រមទាំងលើកកម្ពស់កិច្ចសម្របសម្រួលក្នុងចំណោមយោធាអាស៊ាន ក៏ដូចជារវាងអាស៊ាន និងបណ្តាប្រទេសជាដៃគូ ដោយហេតុនៃការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងសន្ទុះកិច្ចសហប្រតិបត្តិការរបស់ប្លុក និងតួនាទីកណ្តាលនៅក្នុងយន្តការដឹកនាំអាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)