អាស៊ានបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០​ — បេសកកម្មរបស់សាធារណរដ្ឋកូរ៉េសម្រាប់អាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌលAHA) បានដាក់ចេញនូវស្តង់ដារអាស៊ាន និងវិញ្ញាបនប័ត្រសម្រាប់អ្នកជំនាញនៅក្នុងគម្រោងនៃការគ្រប់គ្រងគ្រោះមហន្តរាយ(ASCEND)។

ក្នុងគោលបំណងនៃការពង្រឹងសមត្ថភាពអ្នកជំនាញក្នុងតំបន់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ គម្រោងនេះនឹងត្រូវអនុវត្តនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបចំនួន ៣,៣៥លានដុល្លារអាមេរិក ដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអាស៊ាន – កូរ៉េខាងត្បូង។

ថ្លែងក្នុងពិធីសម្ពោធតាមអ៊ីនធើណេតនោះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅអាស៊ាន លោក Lim Sung-nam បានសម្តែងក្តីសង្ឃឹមថា ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយដែលប្រើប្រាស់បច្ចេកវិទ្យា កូរ៉េខាងត្បូងនឹងចូលរួមចំណែកក្នុងការប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ឈានមុខគេមួយនៅលើពិភពលោកនាឆ្នាំ ២០២៥ ខាងមុខនេះ។

លោក Lim Jock Hoi អគ្គលេខាធិការអាស៊ានបានសាទរចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះការ​ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអាស៊ាន ដូចជាមូលនិធិឆ្លើយតបអាស៊ានសម្រាប់ជំងឺកូវីដ-១៩នឹងដំណើរការធ្វើមាតុភូមិនិវត្តន៍នៅរដ្ឋរ៉ាក់ឃីននៃប្រទេសមីយ៉ាន់ម៉ា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)