វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអាស៊ានកាន់តែខ្លាំងថែមទៀត ក្នុងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៤ ខែកញ្ញា ឧត្តមសេនីយ៍ឯក Nguyen Thanh Son ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសនៃក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាមបាននិយាយថា បណ្តាទីភ្នាក់ងារអនុវត្តច្បាប់អាស៊ានគួរតែរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ថ្លែងទៅកាន់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC-20) ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណេត លោក Son បានចង្អុលបង្ហាញអំពីការកើនឡើងនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត ព័ត៌មានក្លែងក្លាយ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ និងការរត់ពន្ធ ចំពេលដែលកំពុងមានជំងឺរាតត្បាតកូវីដ-១៩។

ដូច្នេះ លោកស្នើឱ្យបណ្តាទីភ្នាក់ងារទាំងអស់បង្កើនការកសាងទំនុកចិត្ត និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក។

មន្ត្រីរូបនោះក៏បានស្នើឱ្យបង្កើនការល្បាតរួមគ្នា និងបញ្ចប់នូវការបំពេញឯកសារគតិយុត្ត ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងប្លុក ក៏ដូចជារវាងអាស៊ាន និងប្រទេសជាដៃគូ និងប្រទេសនៃកិច្ចសន្ទនាដទៃទៀតផងដែរ។

លោកបានប្តេជ្ញាថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី១៤ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-14) ដែលគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាមប្តេជ្ញាសម្របសម្រួលជាមួយបណ្តាទីភ្នាក់ងារអនុវត្តច្បាប់អាស៊ាន ដើម្បីដោះស្រាយបញ្ហាលំបាក ក៏ដូចជាបញ្ហាតំបន់ និងពិភពលោក ដែលកំពុងគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។

លោកបាននិយាយបន្តថា ក្រសួងនឹងបន្តជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សហគមន៍អាស៊ានដែលមានសាមគ្គីភាព និងពឹងផ្អែកលើខ្លួនឯង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេសនីមួយៗ និងក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំ SOMTC-20 ដែលដឹកនាំដោយប្រទេសហ្វីលីពីន បណ្តាគណៈប្រតិភូបានចែករំលែកទស្សនៈអំពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងបរិបទនៃការរាតត្បាត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)