ខេត្តត្បូងឃ្មុំនាំចេញដំឡូងមីជាង១លានតោនទៅកាន់ទីផ្សារក្រៅប្រទេសជារៀងរាល់ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ ហាន់ស្រីណា២៤.០៩.២០

MC៖ ក្នុង១ឆ្នាំៗខេត្តត្បូងឃ្មុំបាននាំចេញដំឡូងមីជាង១លានតោនទៅកាន់ទីផ្សារក្រៅប្រទេសដើម្បីបំពេញតម្រូវការទីផ្សារ និងបានជួយលើកទឹកចិត្តដល់កសិករឱ្យចង់ដាំបន្តទៀត។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដុះ ដំឡូងមីចំនួន៥ម៉ឺនហិកតា ដែលអាចឆ្លើយតបបានយ៉ាងប្រសើរសម្រាប់តម្រូវការទីផ្សារទាំងគុណភាព
និងបរិមាណ។
លោកបន្តថា ប្រជាពលរដ្ឋពេញនិយមលក់ដំឡូងមីសើម ដោយសារវាមិនពិបាកកែឆ្នៃហើយក្នុង១គីឡូក្រាមលក់បានតម្លៃពី៣៤០
រៀល ទៅ៣៥០រៀល។

លោក​បញ្ជាក់ថា​៖«ដំឡូងមីរាល់ឆ្នាំទិន្នផលវាក្នុងមួយឆ្នាំខេត្តត្បូងឃ្មុំក្នុងរង្វង់១លានតោនហើយចំពោះបញ្ហាទីផ្សារគឺអត់អីទេគឺត្រូវបានលក់ចេញអស់ហើយនៅខេត្តត្បូងឃ្មុំលក់ចេញជាដំឡូងសើមស្ទើរតែទាំងអស់តែម្ដង ហើយតម្លៃអត់ទៀងទេឆ្នាំកន្លងទៅនេះគឺតម្លៃបានល្អគឺ ៣០០ ជាងឃើញថាតម្លៃធ្លាក់ចុះត្រឹម ២៩០រៀលឡើដល់៣៤០ទៅ៣៥០
រៀលក្នុងមួយគីឡូក្រាម»។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជាកសិករ ឱ្យយកចិត្តទុកដាក់ក្នុងការដាំដុះទៅតាមដំណាក់កាលនៃការលូតលាស់ របស់ដំឡូងមី ដោយត្រូវធ្វើការដាក់ជីបន្ថែម ដើម្បីឱ្យដំឡូងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ត្រៀមពូជល្អៗទុកដាំឆ្នាំក្រោយ ទៀត។ ប្រសិនបើមានបញ្ហាសត្វល្អិតយាយីដំឡូងមី ​កសិករអាចទំនាក់ទំនងទៅមន្ទីរកសិកម្មខេត្ត ដើម្បីក្រុមការងារចុះជួយអន្តរាគមន៍ ទាន់ពេលវេលា។
សូមបញ្ជាក់ថា ដំឡូងមីជាដំណាំមួយប្រភេទ ដែលអាចដាំដុះនៅតំបន់មានអាកាសធាតុក្តៅហើយសើម មានពន្លឺ ហើយដីដែលល្អ សម្រាប់ការលូតលាស់គឺដីល្បាយខ្សាច់ធូរ ច្រោះទឹកល្អ និងមានជីជាតិ ។ដំឡូង អាចបរិភោគជំនួសបាយបាន និងអាចច្នៃយក ម្សៅដំឡូងមីធ្វើជានំបុ័ងបាន។ ស្លឹកវា អាចធ្វើជាចំណីសត្វ និងអាចកែច្នៃទៅជារបស់មានប្រយោជន៍ជាច្រើនប្រភេទទៀត ៕