គម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាបនឹងក្លាយជាសមិទ្ធផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា ៖លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០


MC.គម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប នឹងក្លាយជាសមិទ្ធផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តទេសចរណ៍វប្បធម៌ដ៏ធំនេះកាន់តែច្រើន ដោយសារមានផ្លូវស្អាតងាយស្រួលក្នុងការធ្វើដំណើរ និងមិនប្រឈមការកកស្ទះ។

គណៈកម្មការអន្តរក្រសួងកំពុងញាប់ដៃញាប់ជើងសិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឲ្យរួចរាល់ ដើម្បីត្រៀមបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាមនាខែវិច្ឆិកាខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្រោយវិបត្តិនៃជំងឺកូវីដ១៩។
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា ក្រោយពេលផ្លូវថ្នល់ចំនួន៣៨ខ្សែ បានស្ថាបនារួចរាល់ជាស្ថាពរ និងក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩បានបញ្ចប់ រំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនកុះករ មកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជាខេត្តមួយមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍។
សម្តេចបន្តថា ដោយសារខេត្តសៀមរាបក៏ជាប៉ូលទេសចរណ៍មួយដ៏សំខាន់ ដូច្នេះការរៀបចំស្ថាបនាផ្លូវថ្នល់ឲ្យមានភាពល្អប្រសើរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រប់វិស័យទាំងអស់ និងជាការគិតគូរដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេច​ បានបញ្ជាក់ថា​៖​ កិច្ចការហ្នឹង ច្បាស់លាស់ហើយ យើងឃើញថាបានដកពិសោធន៍នៅខេត្តព្រះសីហនុ ឥឡូវខេត្តព្រះសីហនុ ប្រែមុខមាត់មួយយ៉ាងសំខាន់ ហើយបង្កលក្ខណៈងាយស្រួលដល់កិច្ចការទាំងឡាយ ជាពិសេសមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ ឬធ្វើសេដ្ឋកិច្ចផ្សេងៗបានរីកចម្រើន បានងាយស្រួល ទីក្រុងសៀមរាបក៏ជាប៉ូលមួយដែរ ដូច្នេះការរៀបចំធ្វើ ការស្ថាបនាផ្លូវ នៅក្នុងខេត្តនេះ ជាការគិតគូរដ៏ជាក់លាក់ ច្បាស់ណាស់នឹងមានការលើកកម្ពស់កម្រិតគ្រប់វិស័យទាំងអស់ យើងនិយាយបានថា ពេលសភាពការណ៍ធូរស្បើយពីកូវីដ១៩នេះ ច្បាស់ណាស់ខេត្តសៀមរាបនេះ នឹងទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករ ជាមិនខាននៅក្នុងអនាគត ដូច្នេះយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធទុកឲ្យហើយ ដើម្បីទទួលភ្ញៀវទេសចរមកកម្សាន្តទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែដែលគ្រោងស្ថាបនាឡើងវិញនេះ រួមមាន ៖ ផ្លូវហ្សាលដឺហ្គោល , ផ្លូវកូម៉ៃផ្លូវជាតិលេខ៦ , ផ្លូវក្រវ៉ាត់ក្រុងសៀមរាប , ផ្លូវអមមាត់ស្ទឹងសៀមរាប , ផ្លូវឆ្ពោះទៅរមណីយដ្ឋានបារាយណ៍ទឹកថ្លា និងផ្លូវសំខាន់ៗជាច្រើនទៀត នៅក្នុងក្រុង ។
គម្រោងស្ថាបនាផ្លូវនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទម្លាក់កញ្ចប់ថវិកា ចំនួន១៥០លានដុល្លារអាមេរិក សម្រាប់ការស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ៕